ភ្នំពេញ ៖ “កុំនិយាយប៉ះពាល់ដល់អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រមិនពាក់ព័ន្ធ នឹងច្បាប់កំណត់ សញ្ជាតិខ្មែរតែមួយទេ ព្រោះព្រះអង្គស្ថិតនៅពីលើ ស្ថាប័នទាំង៤ដែលពាក់ព័ន្ធ” ។ នេះជាប្រសាសន៍របស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក្នុងបណ្តាញតេឡេក្រាមនាថ្ងៃ១២ តុលា ។
ការថ្លែងរបស់លោក សុខ ឥសាន នេះ ក្រោយពីលោក សម រង្ស៊ី ដែលមានសញ្ជាតិ២ គឺខ្មែរផង និងបារាំងផងនោះ បាននិយាយក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃ១១ តុលា ធ្វើឲ្យប៉ះពាល់ដល់ព្រះមហាក្សត្រ ។ លោក សម រង្ស៊ី បន្តថា “ព្រះអង្គមានសញ្ជាតិរហូតដល់ទៅ៣ គឺសញ្ជាតិខ្មែរ សញ្ជាតិបារាំង និងសញ្ជាតិឆែក (Tchèque)” ។
កាលពីថ្ងៃ១១ តុលា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា យល់ស្របតាមគំនិតផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ក្នុងការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ កំណត់ សញ្ជាតិខ្មែរតែមួយគត់ បន្ទាប់ពីទទួលលិខិតពីលោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ស្តីពីមតិ របស់ក្រុមប្រឹក្សាធម្មនុញ្ញ អំពីការផ្តួចផ្តើមគំនិត ធ្វើវិសោធនកម្មច្បាប់នេះ។
វិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ ។
បើតាមលោក សុខ ឥសាន ដដែល ដែលចង់ផ្ញើសារ ទៅលោក សម រង្ស៊ីនោះថា បើចង់ធ្វើប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ គឺត្រូវលាលែងពីសញ្ជាតិបរទេសជាមុនទៅ ។
លោក សម រង្ស៊ី បញ្ជាក់ថា “អាចលាសញ្ជាតិទី២បាន គឺសញ្ជាតិបារាំងភ្លាមមួយរំពេជ ពេលណាស្ថានការណ៍ តម្រូវឲ្យធ្វើយ៉ាងដូច្នោះ”៕