ព័ត៌មានជាតិ

លោក សេង សារី ៖ ស្នាមញញឹម-ភាពរួសរាយពលរដ្ឋ ធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមហាអំណាចទន់ អាចផ្តល់ប្រយោជន៍ដ៏មហាសាលសម្រាប់សេដ្ឋកិច្ច (Video)

ភ្នំពេញ ៖ ខណៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានគម្រោងបើកប្រទេសឡើងវិញ នាពេលខាងមុខ លោកបណ្ឌិត សេង សារី អ្នកសា្រវជ្រាវ និងឃ្លាំមើលការអភិវឌ្ឍសង្គម បានលើកសរសើរពីកម្ពុជាថា ដោយសារស្នាមញញឹម និងភាពរួសរាយរបស់ប្រជាពលរដ្ឋបានធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសមហាអំណាចទន់ដែលអាចផ្តល់ប្រយោជន៍ ដ៏មហាសាលសម្រាប់សេដ្ឋកិច្ចប្រទេសជាតិ ក្រោយចប់កូវីដ-១៩ ។

លោកបណ្ឌិតបានលើកឡើងក្នុងហ្វេសប៊ុកនាថ្ងៃ១៣ តុលាថា “ស្នាមញញឹម និងភាពរួសរាយរាក់ទាក់ របស់ពលរដ្ឋ បានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមហាអំណាចទន់ដែលអាចផ្តល់ប្រយោជន៍ដ៏មហាសាលសម្រាប់សេដ្ឋកិច្ចប្រទេស។ ក្រៅពីសម្បត្តិវប្បធម៌ ស្នាមញញឹម និងភាពរួសរាយរាក់ទាក់របស់ពលរដ្ឋ បានក្លាយជាមេដែកឆក់ស្រូបអ្នកទេសចរណ៍មកម្ពុជា កាន់តែច្រើន មកទស្សនាកម្ពុជាក្រោយកូវីដ-១៩” ។

លោកថា ការបើកប្រទេសឡើងវិញគឺជារឿងចាំបាច់ ប៉ុន្តែ រាជរដ្ឋាភិបាលត្រូវពិចារណា លើសំនួរជាយុទ្ធសាស្រ្តមួយចំនួនដូចខាងក្រោម៖ ១. តើប្រទេសកម្ពុជា ត្រូវបានដកចេញពីបញ្ជីនៃប្រទេសដែលមានហានិភ័យខ្ពស់ដោយជំងឺកូវីដ ១៩ ពីសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ចិន ជប៉ុន និងបណ្តាប្រទេសដែលមានសក្តានុពលផែ្នកខាងទេសចរណ៍សម្រាប់កម្ពុជាហើយឬនៅ?

២. ខេត្តសក្តានុពលទេសចរណ៍ ដូចជា សៀមរាប ក្រុងភ្នំពេញ និងក្រុងព្រះសីហនុ បានក្លាយជាតំបន់បៃតងហើយឬនៅ?

៣. តើមានយន្តការ និងនីតិវិធីសុខាភិបាលយ៉ាងដូចម្តេចខ្លះ? ឧទាហរណ៍ដូចជា ការត្រៀមទ័ពសនៅតាមបណ្តាច្រកចេញចូលតាមព្រំដែន និងព្រលានយន្តហោះ? ចំនួនថ្ងៃធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរណ៍? ការត្រួតពិនិត្យរកកូវីដតាមរយៈតេស្តរហ័ស ឬPCR? បម្រាបគោរចរសម្រាប់បុគ្គលអ្នកទេសចរណ៏ប៉ុន្មានថ្ងៃដែលអាចធ្វើដំណើរទូទាំងប្រទេសកម្ពុជាបាន? និងទី៤. កន្លែងកំសាន្តដូចជា បៀរហ្គាឌិន ខារ៉ាអូខេ ម៉ាស្សា និងកន្លែងកំសាន្តអបាយមុខផ្សេងៗទៀត គួរមានក្រមប្រតិបត្តិ និងមាត្រដ្ឋានផ្តល់សេវាយ៉ាងដូចម្តេចខ្លះ?។

សូមបញ្ជាក់ថា ប្រទេសថៃដែលនៅក្បែរខាងកម្ពុជានោះ ក៏ត្រូវបានលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូឆា ប្រកាសផែនការ ដើម្បីអនុញ្ញាតឲ្យភ្ញៀវទេសចរណ៍ដែលបានចាក់វ៉ាក់សាំង ពេញលេញពីប្រទេសនានា និងតំបន់ដែលមានហានិភ័យទាប ចូលក្នុងប្រទេសខ្លួន ដោយគ្មានការដាក់ឲ្យនៅដាច់ពីគេ នៅខែក្រោយនេះហើយ ៕

To Top