ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថៃ្ងថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២១ បានប្រកាសសាលដីកា លើបណ្តឹងសារទុក្ខរបស់បុរសជាប់ចោទ ម្នាក់ ជាអតីតអ្នកកាសែត និង គូកន ជាប់ពាក់ព័ន្ធនឹងការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនូវក្នុង រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៨។
តុលាការកំពូលបានសម្រេច តម្កល់ទណ្ឌកម្ម អតីតអ្នកកាសែតរូបនោះ ដាក់គុក២០ឆ្នាំ និង ប្រកាសបិទផ្លូវតវ៉ា។ ចំណែកឯ ជនជាប់ចោទ ម្នាក់ទៀត ដែលជាគូកន តុលាការកំពូល បានបង្វិលសំណុំរឿងរបស់គាត់ ទៅកាន់សាលាឧទ្ទរណ៍ រាជធានីភ្នំពេញវិញ ដើម្បីជំនុំជម្រះសារជាថ្មី ម្តងទៀត ពីព្រោះ មានចំណុច មិនប្រក្រតីជាច្រើន ដែលមានពិចារណា។
លោក និល ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងក្នុងសវនាការថា ជនជាប់ចោទទាំងពីរខាងលើនេះ មានឈ្មោះ ទី ១- ឈ្មោះ ថាន់ ណារ៉ាត់ ភេទប្រុស អាយុ ៥០ ឆ្នាំ ជនជាតិ ជនជាតិខ្មែរ មុខរបរ អ្នកគួកជេដី មានទីលំនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ និង ទី
២-ឈ្មោះ ស៊ុយ វាសនា ភេទ ប្រុស អាយុ ២៨ ឆ្នាំជនជាតិ ខ្មែរ មុខរបរ អ្នកកាសែត មានទីលំនៅក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ។
លោកចៅក្រម បានបញ្ជាក់ថា ពួកគេទាំងពីរ ត្រូវបាន តុលាការដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោស ទោស ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ១០ ឆ្នាំ និងពិន័យជាប្រាក់ ៣០លានរៀល ពីបទ ” ជួញដូរដោយខុសច្បាប់” នូវសារធាតុញៀន តាមបញ្ញត្តិ មាត្រា ៤០ នៃ ច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងញៀន។
ជនជាប់ចោទទាំង ២នាក់ ត្រូវចាប់ខ្លួននៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨។ ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល រឹបអូសបាន គ្រឿងញៀនប្រភេទបេតំហ្វេតាមីនទម្ងន់ ១៤៩.៥៦ក្រាម និង សារធាតុញៀនផ្សេងទៀតទម្ងន់ ១១៧.៨៥ក្រាម។
ពួកគេទាំងពីរនាក់ បានប្តឹងជំទាស់នឹងសេចក្តីសាលក្រមរបស់តុលាការដំបូងរាជធានីភ្នំពេញ ទៅកាន់សាលាឧទ្ទរណ៍ ភ្នំពេញ។
តែសាលាឧទ្ធរណ៍ ភ្នំពេញ បានតម្កល់សាលក្រម របស់តុលាការរាជធានីភ្នំពេញ រក្សាទុកជាបានការ ដដែល។ ពួកបានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូល។
នាពេលសវនាការជនជាប់ចោទ ឈ្មោះ ថាន់ ណារ៉ាត់ បានឆ្លើយបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ របស់តុលាការដំបូងរាជធានីភ្នំពេញ ដែលកាត់ទោស ១០ ឆ្នាំ និងពិន័យ ៣០ លានរៀល។
ឈ្មោះ ថាន់ ណារ៉ាត់ បាននិយាយថា គាត់មិនបានពាក់ពន្ធនឹងការជួញគ្រឿងញៀន របស់ឈ្មោះ ស៊ុយ វាសនា នោះទេ។ គាត់សុំអោយតុលាការកំពូល មេត្តា លើកការចោទ និង ដោះលែងគាត់ អោយមានសេរីភាពវិញ។
ចំណែកឯ ឈ្មោះ ស៊ុយ វាសនា បានឆ្លើយសារភាពថា រូបគាត់ពិតប្រព្រឹត្តដូចការ ចោទប្រកាន់មែន ។
វាសនា សុំអោយតុលាការកំពូល មេត្តា ជួយបន្ធូរបន្ថយទោស រូបគាត់ នឹងឆាប់បានវិលត្រឡប់ ជួបជុំគ្រួសារគាត់វិញ៕
ដោយ រស្មី អាកាស