ព័ត៌មានជាតិ

ADB ផ្តល់ហិរញ្ញប្បទានអាកាសធាតុ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងកម្ពុជា ក្នុងទំហំទឹកប្រាក់១០០ ពាន់លានដុល្លារ

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានប្រកាសថា ខ្លួនកំពុងបង្កើនមហិច្ឆតា ក្នុងការផ្តល់ហិរញ្ញប្បទានអាកាសធាតុដល់ប្រទេស កំពុងអភិវឌ្ឍន៍ជាសមាជិករបស់ខ្លួន រួមទាំងកម្ពុជាក្នុងទំហំទឹកប្រាក់ ១០០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០១៩-២០៣០។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី បានថ្លែងថា «ការប្រយុទ្ធ ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅអាស៊ី និងប៉ាស៊ីហ្វិកនឹងឈ្នះ ឬក៏ចាញ់។ វិបត្តិអាកាសធាតុកាន់តែអាក្រក់ទៅៗជារៀងរាល់ថ្ងៃ ដែលជំរុញឱ្យអ្នកពាក់ព័ន្ធជាច្រើន អំពាវនាវឱ្យមានការបង្កើនហិរញ្ញវត្ថុគាំទ្រ ផ្នែកអាកាសធាតុ។ យើងកំពុងចាត់វិធានការ ដើម្បីឆ្លើយតបតាមការអំពាវនាវនេះ ដោយបង្កើនមហិច្ឆតា របស់យើងដល់ ១០០ ពាន់លានដុល្លារ សម្រាប់ហិរញ្ញវត្ថុអាកាសធាតុ ត្រឹមឆ្នាំ ២០៣០ ដោយប្រើធនធាន របស់យើងផ្ទាល់»។

ប្រភពដដែល បានបន្ដថា នៅឆ្នាំ២០១៨ ADB បានប្តេជ្ញាធានាយ៉ាងហោច ៧៥% នៃចំនួនប្រតិបត្តិការសរុបរបស់ខ្លួនគាំទ្រសកម្មភាពទាក់ទងនឹងអាកាសធាតុ ហើយធនធានហិរញ្ញវត្ថុអាកាសធាតុរបស់ខ្លួនឈានដល់យ៉ាងហោចណាស់ ៨០ ពាន់លានដុល្លារ នៅឆ្នាំ ២០៣០។ ការប្រកាសថ្ងៃ នេះបង្កើនមហិច្ឆតានៃការផ្តល់ហិរញ្ញប្បទានទាំងនេះ។

ជាងនេះទៅទៀត ធនាគារអភិវឌ្ឍន៍អាស៊ីរំ បានពឹងថា ហិរញ្ញប្បទានអាកាសធាតុសរុបដោយប្រើធនធានរបស់ខ្លួនសម្រាប់ឆ្នាំ ២០១៩-២០២១ នឹងឈានដល់ប្រមាណ ១៧ ពាន់លានដុល្លារ។

សូមបញ្ជាក់ថា មហិច្ឆតាហិរញ្ញវត្ថុដែលបានបង្កើននេះ គឺជាផ្នែកសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់ ADB ក្នុងការគាំទ្រដល់ប្រទេស កំពុងអភិវឌ្ឍន៍ជាសមាជិករបស់ខ្លួន (DMCs)។ ជាមួយការប្រឈមមុខនឹងបញ្ហាប្រទាក់ក្រឡាគ្នានៃជំងឺរាតត្បាតកូវីដ-១៩ និងវិបត្តិអាកាសធាតុ DMCs ជាច្រើនកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីលើកកម្ពស់ការងើបឡើងវិញប្រកបដោយបៃតង ធន់ និងបរិយាប័ន្ន៕

To Top