ព័ត៌មានជាតិ

ADB សាទររាជរដ្ឋាភិបាល បើកដំណើរការគ្រឹះស្ថាន អប់រំបណ្តុះបណ្តាល បច្ចេកទេស និង វិជ្ជាជីវៈឡើងវិញ

ភ្នំពេញ ៖ ធនាធាអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសសាទរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកដំណើរការ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឡើងវិញ ដើម្បីធ្វើការស្តារសេដ្ឋកិច្ចជាតិ ។

ក្នុងជំនួបជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំកម្ពុជារបស់ ADB បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងធនាគារអភិវឌ្ឍន៍អាស៊ី ប្រកបដោយភាពស្និទ្ធស្នាលបំផុត ។

ជាមួយគ្នានេះ លោកស្រីបានចូលរួមអបអរសាទរ ចំពោះក្រសួងបានបើកដំណើរការឡើងវិញ គ្រឹះស្ថាន អប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ(អ.ប.វ) ។ លោកស្រីថា នេះពិតជាការចូលរួម ចំណែកបន្តលើកកម្ពស់ វិស័យការងារ ឲ្យមានសកម្មភាពបណ្តុះបណ្តាលយុវជន កម្ពុជា កាន់តែមានសមត្ថភាព ក្នុងការបម្រើសង្គមជាតិ របស់ខ្លួន។

ចំណែកលោក អ៊ិត សំហេងបានលើកឡើងដែរថា ការបើកដំណើរការឡើងវិញគ្រឹះស្ថាន អ.ប.វ. គឺមានភាពចាំបាច់ដើម្បីធានាបានការបណ្តុះបណ្តាល ប្រកបដោយគុណភាព និង ប្រសិទ្ធភាព នៃកម្លាំងពលកម្មជំនាញ ឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ ជាងនេះទៅទៀត ការអប់ររំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ គឺជាឧបករណ៍ដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញ បន្ទាប់ពីទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។

លោកបន្តថា បច្ចុប្បន្ន អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បាននិងកំពុងអនុវត្ត គម្រោងធំៗចំនួន២ ក្រោមហិរញ្ញប្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី គឺ៖១.គម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និង២. គម្រោងជំនាញសម្រាប់ការ ប្រកួតប្រជែង ។ គម្រោងទាំង២នេះ បានចូលរួមអនុវត្តឆ្លើយតប ទៅនឹងគោលនយោបាយ អភិវឌ្ឍន៍ឧស្សាហកម្ម ៕

To Top