ភ្នំពេញ ៖ សម្ដេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ បានណែនាំដល់ រដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវព្យាយាមដោះស្រាយទំនាស់នានារបស់ប្រជាពលរដ្ឋ ក្រៅប្រព័ន្ធតុលាការ កុំឲ្យប្រជាពលរដ្ឋ ពិបាករកមេធាវី ដោយចំណាយថវិកាច្រើន។
ក្នុងពិធីប្រកាស ចូលកាន់មុខតំណែង អភិបាលខេត្តកំពតថ្មី នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តកំពត សម្ដេច ស ខេង បានផ្ដាំផ្ញើដល់រដ្ឋបាល រាជធានី-ខេត្ត ត្រូវពិនិត្យមើល តើចំណុចណាយក ឬធ្វើបាន ចំពោះការដកស្រងបទ ពិសោធន៍ពីលោក ម៉ៅ ធនិន ក្នុងដោះស្រាយទំនាស់ក្រៅ ប្រព័ន្ធតុលាការ។
សម្ដេច មានប្រសាសន៍ថា «ខ្ញុំសូមស្នើថា វិធីសាស្ដ្រខេត្តពោធិ៍សាត់ ធ្វើបានក៏ល្អ អភិបាលស្រុក ក៏ធ្វើបាន មេឃុំ ក៏ធ្វើបាន ប្រធានមន្ទីរនានា ក៏ធ្វើបាន ឲ្យតែបញ្ហាណុងពាក់ព័ន្ធនឹងគាត់ នេះជាយន្ដការស្រាល ប៉ុន្ដែមានប្រសិទ្ធិភាព»។
សម្ដេច បានបន្ដថា ទាំងនេះជាកម្មវិធីសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ខណៈ សម្ដេចថា កាលណាដោះស្រាយបានច្រើន ក៏មិនពិបាកឡើងដល់តុលាការ ដោយសារពលរដ្ឋមួយចំនួនមានភាពក្រីក្រ ពិបាករកមេធាវី។
ឆ្លៀតឱកាសនោះ សម្តេច ស ខេង ក៏បានលើកឡើងពីមូលហេតុពិត នៃការផ្ទេរតំណែង ពីខេត្តមួយទៅខេត្តមួយ គឺដោយសារចប់អាណត្តិ នៃការកំណត់ឆ្នាំដឹកនាំ មិនមែនមូលហេតុអ្វីផ្សេង ឬថា មកពីខេត្តកំពត ឬខេត្តពោធិ៍សាត់ ធ្លាក់ដៃការងារនោះទេ។
សម្ដេច បានបញ្ជាក់ថា «មានមូលហេតុអ្វី បានផ្លាស់ប្តូរពីកំពត ទៅពោធិ៍សាត់ ពីពោធិ៍សាត់មកកំពត ដោយសារឯកឧត្តម ម៉ៅ ធនិន គាត់ចប់អាណត្តិ៨ឆ្នាំ គាត់មិនទាន់ដល់អាយុចូលនិវត្តន៍ គាត់មានសមត្ថភាព ក៏ផ្ទេរគាត់ទៅខេត្តកំពត»៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
