ព័ត៌មានជាតិ

លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ថ្មី ប្ដេជ្ញាផ្ដល់សេវា សាធារណៈជូនប្រជាជន ប្រកបដោយតម្លាភាព

ភ្នំពេញ៖ លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ថ្មី បានប្ដេជ្ញាចិត្តផ្ដល់ សេវាសាធារណៈជូនប្រជាជន ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ដើម្បីឆ្លើយតបតាម តម្រូវការរបស់មូលដ្ឋាន ។

ក្នុងពិធីប្រកាសមុខតំណែង អភិបាលខេត្តពោធិ៍សាត់ថ្មី នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តពោធិ៍សាត់ថ្មី លោក ជាវ តាយ បានប្ដេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត ព្រមទាំង ធ្វើគណនេយ្យភាព ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋ ដើម្បីសម្រេចឲ្យបានជោគជ័យ នូវគ្រប់កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ សំដៅលើកកម្ពស់ អភិបាលកិច្ចល្អ រួមចំណែកក្នុងការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជន។

លោកថ្លែងថា «សូមប្ដេជ្ញាខិតខំបម្រើដោយស្មោះ និងអស់ពីកម្លាំងកាយចិត្ត ក្នុងការផ្តល់នូវសេវាសាធារណៈជូនប្រជាជន ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងឆ្លើយតបតម្រូវការរបស់ មូលដ្ឋាន។ យកចិត្តទុកដាក់បន្តអនុវត្ត ផែនការអភិវឌ្ឍន៍ខេត្តប្រាំឆ្នាំ និងកម្មវិធីវិនិយោគ បីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ឱ្យទទួលបានជោគជ័យ។

ជាងនេះទៅទៀត លោកអភិបាលខេត្តពោធិ៍សាត់ថ្មី ក៏បានប្តេជ្ញាចូលរួមឲ្យបានសកម្ម ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ នៅក្នុងរដ្ឋបាលខេត្ត ដើម្បីភាពសុខក្សេមក្សាន្តរបស់ប្រជាជន៕

To Top