ព័ត៌មានជាតិ

កម្ពុជា មានផែនការច្បាស់លាស់ ក្នុងការអភិវឌ្ឍ ប្រទេសជាតិ និងឆ្លើយតបការ ប្រែប្រួលអាកាសធាតុ

ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រាប់សហភាពអឺរ៉ុបថា កម្ពុជា មានផែនការច្បាស់លាស់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជា ការឆ្លើយតបនឹងការ ប្រែប្រួលអាកាសធាតុ ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយ ស្ថានទូតសហគមន៍អឺរ៉ុប ប្រចាំកម្ពុជា នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ លោក សាយ សំអាល់ បានថ្លែងថា «កម្ពុជាមានផែនការ ច្បាស់លាស់ ក្នុងការអភិវឌ្ឍ ប្រទេសជាតិ ក៍ដូចជាការឆ្លើយតបនឹងការ ប្រែប្រួលអាកាសធាតុ ។ កម្ពុជាយកចិត្តទុកដាក់ខ្ពស់ ទៅលើការផលិត ថាមពលពីប្រភព ដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ។ ការសិក្សាមួយចំនួនគួរត្រូវបានលើកទឹកចិត្ត ដូចជា ការសិក្សាអំពីការផលិតអគ្គីសនី ដោយប្រើប្រាស់ឧស្ម័នអ៊ីដ្រូសែន»។

លោកបន្តថា ការអភិរក្សព្រៃ គឺជាជំរើសមួយដ៏ប្រសើរ ក្នុងការបង្កើតឥណទានកាបូន និងអាចបង្កើនជីវភាព សហគមន៍តាមរយៈចំណូលពីឥណទានកាបូន។ វិស័យឯកជនមានការយល់ ដឹងច្រើនអំពីបញ្ហាបរិស្ថាន ដោយចាប់ផ្តើមវិនិយោគ លើការផលិតអគ្គិសនី ពីជីវម៉ាស និងបង្កើតឥណទានកាបូន។

ជាងនេះទៅទៀត លោករដ្ឋមន្ដ្រី លើកឡើងថា កម្ពុជាមានផែនការជាតិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដែលក្រសួង ស្ថាប័នពាក់ព័ន្ធបានរៀបចំឡើង ព្រមទាំងតម្រូវការថវិកាក្នុងការអនុវត្តសកម្មភាពបន្ស៊ាំ ។ កម្ពុជាគាំទ្រ ការផ្តល់ហិរញ្ញប្បទាន អាកាសធាតុ ហើយការផ្តល់ ហិរញ្ញប្បទានគួរផ្តោត ទៅលើការបង្កើនជីវភាព ប្រជាជននៅ តាមសហគមន៍ ថ្នាក់ក្រោមជាតិ។

នាឱកាសនោះ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានឲ្យដឹងថា សហគមន៍អឺរ៉ុប យកចិត្តទុកដាក់ និងគាំទ្រដល់ប្រទេសកំពុងក្នុងការរៀបចំផែនការរយៈពេលវែងក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្នុងការរក្សាសីតុណ្ហភាពសកលនៅត្រឹម ២ អង្សាសេ ។

លោកស្រី ក៏បានបញ្ជាក់ អំពីប្រធានបទសំខាន់ ដែលត្រូវពិភាក្សា និងសម្រេចនៅក្នុង (COP26) ដែលរួមមាន ៖ ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ហិរញ្ញប្បទានអាកាសធាតុ និងទីផ្សារកាបូនប្រកប ដោយតម្លាភាព៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top