ភ្នំពេញ ៖ សហព័ន្ធកីឡា បាល់ទាត់កម្ពុជា បានឲ្យដឹងថា កីឡាករជម្រើសជាតិកម្ពុជា ចំនួន៦នាក់ បានឆ្លងជំងឺកូវីដ-១៩ ហើយត្រូវបន្ដស្នាក់នៅ ប្រទេសបារ៉ែន ដើម្បីព្យាបាលជំងឺកូវីដ-១៩ មុនមកកម្ពុជាវិញ។
កីឡាករជម្រើសជាតិកម្ពុជា ទាំង៦នាក់ បានឆ្លងជំងឺកូវីដ-១៨ រួមមាន ៖ ចាន់ វឌ្ឍនាកា, គួច សុគុម្ភៈ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, កែ សុខសិឡា, និង ទៀន ពិសី ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ សហព័ន្ធកីឡាបាល់ ទាត់កម្ពុជា បានបញ្ជាក់ថា «សូមជូនពរកីឡាករយើង ឲ្យឆាប់ជាសះស្បើយពីជំងឺឆ្លងកូវីដ-១៩។ កីឡាករជម្រើសជាតិកម្ពុជាយើង ទាំង៦នាក់ នឹងត្រូវបន្តស្នាក់នៅប្រទេសបារ៉ែន ដើម្បីព្យាបាលជំងឺកូវីដ-១៩ ឲ្យជាសះស្បើយ មុនធ្វើមាតុភូមិនិវត្តន៍»។
សូមរំលឹកថា កម្ពុជាបានយកឈ្នះកោះហ្គាំ សរុបលទ្ធផលទាំង២ជើង ៣-១ (ជើងទី១ ឈ្នះ ១-០ និងជើងទី២ ឈ្នះ ២-១) ដើម្បីទៅបង្គ្រប់កៅអី ២៤ក្រុម នៅជុំទី៣ នៃពានរង្វាន់ជើងឯកទ្វីបអាស៊ីនេះ ជាមួយឥណ្ឌូនេស៊ី ដែលបានឆ្លងផុតវគ្គ Play-Off ដូចគ្នា ។ វគ្គជម្រុះជុំទី៣ នឹងត្រូវចាប់ឆ្នោតបែងចែកជា ៦ពូល ដោយពូលនីមួយៗមាន ៤ក្រុម ខណៈការប្រកួត នឹងចាប់ផ្ដើមពីដើមខែកុម្ភៈ ដល់ចុងខែកញ្ញា ឆ្នាំ២០២២ ដើម្បីចម្រាញ់ក្រុមខ្លាំងឡើងជុំផ្ដាច់ព្រ័ត្រ នៅចិន នាឆ្នាំ២០២៣៕