ព័ត៌មានជាតិ

មេសហជីព ស្នើក្រសួងការងារ ដាក់ពិន័យលើរោងចក្រ ណាបិទបាំងមិនព្រម ចុះឈ្មោះកម្មករនៅ បសស (Video)

ភ្នំពេញ៖ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ នៅថ្ងៃ១៥ តុលានេះ តាមរយៈលិខិតមួយច្បាប់ បានស្នើលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដាក់ពិន័យដល់ម្ចាស់រោងចក្រណា ដែលបិទបាំងចំនួនកម្មករ ដោយមិនព្រម ទិញឬចុះឈ្មោះពួកគេ នៅបេឡាសន្តិសុខសង្គម (បសស)។

ការស្នើនេះ ក្រោយពីលោក ហ្វា សាលី បានអង្កេតឃើញថា មានរោងចក្រសហគ្រាស ខ្នាតតូចនិងមធ្យមមួយចំនួន បាននិងកំពុងបិទបាំងចំនួនកម្មកររបស់ខ្លួន មិនព្រមទិញឬចុះឈ្មោះ កម្មករនិយោជិតខ្លួន ក្នុងបសស ដើម្បីគេចវេស ពីការបង់ប្រាក់ ធានារ៉ាប់រងសុខភាព កម្មករនិយោជិតទៅឲ្យបសស ។

លោកបន្តថា “ដោយសារបញ្ហានេះហើយ ទើបសម្ព័ន្ធសហជីពជាតិ ជម្រុញនិងលើកទឹកចិត្ត ដល់អធិការកិច្ចក្រសួង ក៏ដូចជាភាគីពាក់ព័ន្ធចុះត្រួតពិនិត្យ យ៉ាងល្អិតល្អន់ ចំពោះម្ចាស់រោងចក្រសហគ្រាសទាំងនេះ រួមទាំងការផាកពិន័យ ថែមទៀត ” ។

លោកថា កម្មករនិយោជិត មានក្តីសប្បាយរីករាយ នៅពេលមានបណ្ណ បសស ព្រោះបណ្ណនេះ បានជួយដល់ពួកគាត់ ទទួលបានធានារ៉ាប់រងជាច្រើន ក្នុងដំណើរការ សុខភាពប្រចាំថ្ងៃ រួមទាំងគ្រោះថ្នាក់ការងារ និងស្ថានភាពជំងឺធ្ងន់ធ្ងរជាដើម ។

លោកបន្តថា ក្នុងនោះរួមទាំងបញ្ហានៃការឆ្លង ឬព្យាបាលជំងឺកូវីដ១៩ ដែលទទួលបាន៧០% ពីបសសនិង៥០% ពីម្ចាស់រោងចក្រសហគ្រាស ។ ប៉ុន្តែបើពួកគាត់ គ្មានបណ្ណ បសស ទេនឹងជួបបញ្ហាជាច្រើន ដែលជាផលប៉ះពាល់ នឹងបានកំពុងជួបប្រទះ នាពេលបច្ចុប្បន្ន ៕

To Top
×