ភ្នំពេញ ៖ រយៈពេល៩ខែ ឆ្នាំ២០២១ គណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានត្រួតពិនិត្យយានយន្តសរុប ចំនួន ១,៨៣០ ,៦៣១គ្រឿង ក្នុងនោះ យានយន្តលើសទម្ងន់កម្រិតកំណត់ ចំនួន ៥៧៨,១០៣គ្រឿង ស្មើនឹង ៣១.៥៨%។
យោងតាមរបាយការណ៍ នៃការអនុវត្តការងា រក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១ របស់គណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ នាថ្ងៃទី១៤ តុលា បានបញ្ជាក់ថា «យានយន្តត្រួតពិនិត្យសរុប ចំនួន១,៨៣០,៦៣១គ្រឿង ហើយយានយន្ត លើសទម្ងន់កម្រិតកំណត់ ចំនួន ៥៧៨,១០៣ គ្រឿង ស្មើនឹង ៣១.៥៨% ក្នុងនោះ យានយន្តផ្ទុកលើស ក្នុងកម្រិតអនុគ្រោះ ចំនួន៥៧៥,៨៥៦គ្រឿង និងយានយន្តលើសទម្ងន់កម្រិតកំណត់ ដែលបានពិន័យមាន ចំនួន២,២៤៧គ្រឿង ដែលរួមទាំងយានយន្ត ដែលឃាត់ទុក ចំនួន២២៩គ្រឿង»។
យោងតាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឲ្យ យានយន្តចំនួន ២២៩គ្រឿង ដែលបានពិន័យ និងឃាត់ទុក ១ឆ្នាំនោះ បានប្រគល់ជូនម្ចាស់យានយន្តវិញ។
សូមជម្រាបជូន នាថ្ងៃទី១៤ តុលា លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដែលសម្រេចបាន ក្នុងរយៈពេល ៩ខែ ក្នុងឆ្នាំ២០២១។
ក្នុងទិសដៅបន្ត គណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ នឹងបន្តផ្សព្វផ្សាយពន្យល់ណែនាំ ដល់ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូន ដេប៉ូខ្សាច់-ថ្ម និងសាធារណជនទាំងអស់ ឱ្យបានជ្រាបកាន់តែទូលំទូលាយ អំពីបទដ្ឋានច្បាប់នានា ដែលពាក់ព័ន្ធការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ជាពិសេសច្បាប់ស្តីពីផ្លូវថ្នល់ និងសេចក្ដីជូនដំណឹង ស្តីពីការពង្រឹងវិធានការ យ៉ាងតឹងរ៉ឹងបន្ថែម ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ នៅទូទាំងប្រទេស។
ជាងនេះទៅទៀត ក្រុមការងារនឹងបន្តអនុវត្តច្បាប់ និងទប់ស្កាត់ការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់យ៉ាងតឹងរ៉ឹងបំផុត ដោយមិនមានការលើកលែងឡើយ។
ទន្ទឹមនឹងនេះ ដោយសារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងប្រទេសមានការអភិវឌ្ឍ និងរីកចម្រើនច្រើន និងតម្រូវការរបស់រដ្ឋបាលខេត្ត គណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នឹងរៀបចំដាក់ឱ្យប្រើប្រាស់ ស្ថានីយជញ្ជីងថ្មី នៅខេត្តកែប និងខេត្តព្រះវិហារ ព្រមទាំងគ្រោងសាងសង់ ស្ថានីយជញ្ជីងបន្ថែមទៀត នៅតាមខេត្ត ដែលមានតម្រូវការចាំបាច់៕