ព័ត៌មានជាតិ

សមាគម រាជសីហ៍ ប្តេជ្ញាបង្កើនសកម្មភាព សប្បុរសធម៌ ដើម្បីចូលរួមជាមួយរដ្ឋាភិបាល សម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋ ជួបបញ្ហាជីវភាព

ភ្នំពេញ ៖ សមាគមរាជសីហ៍ បានសម្រេចតែងតាំង ថ្នាក់ដឹកនាំក្រុមប្រឹក្សាយោបល់ និងថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍សាខាខេត្តកែប ដោយក្នុងឱកាសនោះសមាគមន៍នេះ បានប្តេជ្ញាថាខ្លួននឹងបង្កើន សកម្មភាពសប្បុរធម៌ ឱ្យបានច្រើនថែមទៀត ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាល សម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហាជីវភាព រស់នៅប្រចាំថ្ងៃ។

ថ្លែងក្នុងពិធីប្រកាស តែងតាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាយោបល់ និងថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍សាខាខេត្តកែប នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ មានប្រសាសន៍ថា សមាគមរាជសីហ៍ ទាំងថ្នាក់កណ្តាល និងគ្រប់សាខាសមាគម រាជសីហ៍ទាំងអស់ បានខិតខំប្រឹងប្រែងអស់ ពីកម្លាំងកាយ និងបញ្ញាស្មារតីប្រមូលផ្តុំ ជួបជុំរួមកម្លាំងសាមគ្គីភាព ជាមួយនឹង សប្បុរសជនជាតិ និងអន្តរជាតិ ក្នុងការសម្រេចបុព្វហេតុ ការងារ សង្គម និងមនុស្សធម៌ជាមួយរាជរដ្ឋាភិបាល ចូលរួមសម្រាល ទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះ បញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ។

លោកគូសបញ្ជាក់បន្ថែមថា «ជាទឡ្ហីករណ៍ នៅក្នុងរយៈពេលជាងពីរឆ្នាំកន្លងទៅនេះ ចាប់តាំងពីឆ្នាំ២០១៩ ដល់ត្រីមាសទី២នៃឆ្នាំ២០២១នេះ សមាគមរាជសីហ៍ បានអនុវត្តដោយជោគជ័យ នូវការងារមនុស្សធម៌ មិនត្រឹមតែជាមួយ ប្រជាពលរដ្ឋក្រីក្រ ជនពិការ ស្រ្តីមេម៉ាយ សិស្សានុសិស្ស មកពីគ្រួសារក្រីក្រ និង កុមារកំព្រា ប៉ុណ្ណោះទេ ថែមទាំង ជាមួយនឹងអាជ្ញាធរមូលដ្ឋាន កំពុងតែឈរជើង តាមគោលដៅការពារ មណ្ឌលព្យាបាល និងចត្តាឡីស័កអ្នកជំងឺ និងអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ១៩ នៅតាម បណ្តារាជធានីខេត្តមួយចំនួន ។»

ចំណែកលោក អ៊ឹង ឡាយឆាយ ប្រធានសមាគមរាជសីហ៏ សាខាខេត្តកែប បានថ្លែងថា ប្រទេសកម្ពុជាជាប្រទេស កំពុងអភិវឌ្ឍមួយនៅក្នុងចំណោម បណ្តាប្រទេសនាៗទូទាំងសកលលោក ការចូលរួមក្នុងកិច្ចការសប្បុរសធម៌ក្នុងសង្គម ជាកត្តាសំខាន់ដើម្បីភាពរីកចម្រើនក្នុងសង្គម។

លោកបន្តថា ក្នុងនាមជាប្រធានសមាគមរាជសីហ៍ សាខាខេត្តកែប លោកប្តេជ្ញាចិត្តខិតខំ ស្វែងរកដៃគូរសហការ ទាំងនៅក្នុងខេត្តក៏ដូចជាទូទាំងប្រទេស ជាពិសេសសប្បុរសជន ជាតិ និងអន្តរជាតិ ដើម្បីរួមចំណែកលើកស្ទួយការងារ មនុស្សធម៏និងពង្រឹងអនុភាព របស់សមាគមយើងអោយកាន់ តែរីកចម្រើនឡើង ។

ជាមួយគ្នានេះ សមាគមរាជសីហ៍ សាខាខេត្តកែប មិនត្រឹមតែខិតខំពង្រឹងទំនាក់ ទំនងជាមួយខេត្តកែបប៉ុណ្ណោះទេ សមាគមនឹងបន្តស្វែងរកនូវ ជំនួយសប្បុរសធម៌ អាហារូបករណ៍ ដោះស្រាយនិងជួយសម្រួលការ លំបាកនាៗរបស់សមាជិក សមាគមផងដែរ។

សមាគមរាជសីហ៏ សាខាខេត្តកែប និងខិតខំអប់រំបណ្តុះបណ្តាល ដល់យុវជនអោយមានសកម្មភាព ចូលរួមលើកការងារមនុស្សធម៏ ក្នុងខេត្តកែបអោយកាន់ តែប្រសើរឡើង ៕

To Top