ភ្នំពេញ ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ នៃកម្ពុជា បានស្នើមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បន្តផ្តល់កិច្ចសហប្រតិបត្តិការគាំទ្របន្ថែមទៀត ដល់ប្រទេសសមាជិកអាស៊ាន ជាពិសេស ក្នុងអំឡុងពេលស្តារសេដ្ឋកិច្ច នាពេលខាងមុខ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ ធនាគារជាតិនៃកម្ពុជា ។
ក្នុងកិច្ចប្រជុំតុមូល តាមរយៈប្រព័ន្ធអនឡាញរវាង មូលនិធិរូបិយវត្ថុអន្តរជាតិ និងអាស៊ាន ដែលមានការចូលរួមពី ថ្នាក់ទេសាភិបាល ធនាគារកណ្តាល និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ លោក ជា ចាន់តូ បានលើកឡើងពីសារៈសំខាន់ នៃតួនាទីរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ក្នុងការគាំទ្រប្រទេសជាសមាជិកអាស៊ាន តាមរយៈការផ្តល់ជំនួយបច្ចេទេស ការកសាងសមត្ថភាព ហើយនៅក្នុងវិបត្តិកូវីដ-១៩ នេះ IMF បានបង្កើនវិភាជន៍អេសដេអែ (SDR) សម្រាប់ពង្រឹងជំនឿទុកចិត្ត និងបង្កើនលំហ នៃការអនុវត្តនយោបាយសេដ្ឋកិច្ច។
លោក បានបញ្ជាក់ថា «ស្នើឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ បន្តផ្តល់កិច្ចសហប្រតិបត្តិការគាំទ្រ បន្ថែមទៀត ដល់ប្រទេសសមាជិកអាស៊ាន ជាពិសេសនៅក្នុងអំឡុង ពេលស្តារសេដ្ឋកិច្ច ជាមួយនឹងបញ្ហាប្រឈម ដែលអាចកើតឡើងនាពេលខាងមុខ ដូចជា លំហការអនុវត្តនយោបាយគាំទ្រ កាន់តែរួមតូច និងការប្រែប្រួលការ អនុវត្តនយោបាយរូបិយវត្ថុវិត្ថារកម្ម របស់ប្រទេសអភិវឌ្ឍន៍ធំៗ ដូចជាការធ្វើប្រក្រតីកម្ម នយោបាយ តាមរយៈបង្កើនអត្រា ការប្រាក់គោល ឬកាត់បន្ថយការ ផ្តល់សាច់ប្រាក់ ដល់ទីផ្សារ ដែលនាំឱ្យមានការប្រែប្រួល លំហូរមូលធន ចេញពីប្រទេសកំពុង លូតលាស់និងកំពុងអភិវឌ្ឍន៍ និង សម្ពាធលើអត្រាប្តូរប្រាក់ ជាដើម»។
ជាងនេះទៅទៀត លោកទេសាភិបាល ក៏បានឯកភាពលើប្រសាសន៍ របស់លោកស្រី Kristalina Georgieva ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ និងមតិថ្នាក់ដឹកនាំវិស័យហិរញ្ញវត្ថុអាស៊ាន ដែលថា ការចាក់វ៉ាក់សាំង គឺជាគន្លឹះនៃការងើបឡើងពីវិបត្តិ ហើយលំហ នៃការបន្តការប្រើប្រាស់នយោបាយគាំទ្រ និងការគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាកម្លាំងចលករជំរុញល្បឿន នៃការងើបឡើង ។
នាឱកាសនោះដែរ លោក ទេសាភិបាល ក៏បានជម្រាបជូនអង្គប្រជុំអំពីកិច្ចខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនការចាក់វ៉ាក់សាំង ដែលបច្ចុប្បន្ន អត្រាប្រជាជនទទួលបាន វ៉ាក់សាំងមានចំនួនប្រមាណជាង ៨០% នៃប្រជាជនសរុប ខ្ពស់ជាងកម្រិតដែលមូលនិធិរូបិយវត្ថុ អន្តរជាតិបានផ្តល់អនុសាសន៍ដល់ប្រទេស ជាសមាជិកថា គួរសម្រេចការចាក់វ៉ាក់សាំងយ៉ាង ហោចឱ្យបាន ៤០% នៅចុងឆ្នាំ២០២១ និង ៧០% នៅឆ្នាំ២០២២ សម្រាប់គាំទ្រការងើបឡើង នៃសេដ្ឋកិច្ច ៕