ភ្នំពេញ៖ គិតមកទល់ពេលនេះ ក្រុងបាត់ដំបង កំពុងរងការជន់លិច តាមតំបន់មួយចំនួនហើយ ដោយសារល្បឿនទឹកហូរចាក់ ពីស្រុកសំឡូត ឆ្ពោះទៅបឹងទន្លេសាប តាមស្ទឹងសង្កែ។
ជាក់ស្ដែងបើតាមលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ជំនន់ស្ទឹងសង្កែ គិតត្រឹមម៉ោង ១៨:២០ នាទី នាថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២១ នេះ ទឹកស្ទឹងសង្កែ នៅចំណុចក្រុងបាត់ដំបង មានកម្ពស់ ១៣,៩០ ម។
លោកបន្តថា ទឹកស្ទឹងសង្កែ នៅចំណុចក្រុងបាត់ដំបង នឹងបន្តកើនឡើងបន្ថែមទៀត ( អាចកើនដល់ ១៤,៥០ ម ) នាវេលាថ្ងៃត្រង់ ថ្ងៃទី ១៧ តុលា ឆ្នាំ ២០២១ ។ បន្ទាប់មក ទឹកនឹងចាប់ផ្ដើមស្រកចុះវិញ ។
លោកក៏បាន រំលឹកផងដែរថា កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ ទឹកស្ទឹងសង្កែនៅចំណុចក្រុងបាត់ដំបង ធ្លាប់បានកើនឡើងដល់កម្ពស់ ១៤,៨២ ម ។
លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានប ន្តអំពាវនាវ ដល់ប្រជាពលរដ្ឋរស់នៅ ក្នុងសង្កាត់ចំនួន៧ ជាពិសេសអ្នករស់នៅ តាមបណ្ដោយដងស្ទឹងសង្កែ សូមមេត្តាប្រុងប្រយ័ត្ន ចំពោះទឹកជំនន់ ខណៈពេលដែលកម្ពស់ទឹកហក់ឡើង ដល់ជាង១៣ម៉ែត្រហើយ។
លោក អភិបាលក្រុង បញ្ជាក់ថា «ដូច្នេះសូមប្រជាពលរដ្ឋ ក្នុងក្រុងបាត់ដំបង ទាំងអស់ ជាពិសេសអ្នកដែលនៅបណ្ដោយដងស្ទឹងសង្កែ សូមមេត្តាប្រុងប្រយ័ត្ន ប្រសិនបើមានមនុស្សចាស់ជរា អ្នកជំងឺ ឬក្មេងៗ សូមចល័តទៅទីទូលមានសុវត្ថិភាព ឬទៅស្នាក់នៅជាមួយបងប្អូន សាច់ញាតិដែលរស់នៅតំបន់មានសុវត្ថិភាព ជាបណ្ដោះអាសន្ន»៕