ព័ត៌មានជាតិ

នាវាចម្បាំងអូស្រ្ដាលី HMAS Anzac នឹងទស្សនកិច្ចកម្ពុជា ចាប់ពីថ្ងៃទី១៨-២០ តុលា

ភ្នំពេញ៖ ស្ថានទូតអូស្ដ្រាលីប្រចាំកម្ពុជា បានឱ្យដឹងថានាវាចម្បាំង HMAS Anzac នឹងមកទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ។

អូស្រ្តាលី រីករាយក្នុងការនាំយកសកម្មភាព ចូលរួមក្នុងតំបន់របស់ខ្លួន ដែលមានឈ្មោះថា សកម្មភាព ចូលរួមក្នុងតំបន់ របស់នាវាបញ្ជាការ Indo-Pacific Endeavour 2021 ត្រលប់មកអាស៊ីអាគ្នេយ៍ នៅឆ្នាំនេះ។

នាវាចម្បាំង HMAS Anzac នឹងធ្វើទស្សនកិច្ច នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ដែលជាផ្នែកមួយនៃ សកម្មភាពចូលរួមក្នុងតំបន់ របស់នាវាបញ្ជាការ IPE 21។ នេះជាដំណើរទស្សនកិច្ច របស់កងនាវាចរ ភូមិន្ទអូស្រ្តាលី លើកដំបូងមកកាន់ ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦ មក ហើយនឹងធ្វើដំណើរទស្សនកិច្ច ដោយគ្មានការប៉ះពាល់ផ្ទាល់ ដោយសារជំងឺកូវីដ-១៩។

ស្ថានទូតបញ្ជាក់ថា នាវា HMAS Anzac នាំយកមកជាមួយនូវសម្ភារៈការពារផ្ទាល់ខ្លួន (PPE) និងសម្ភារៈវេជ្ជសាស្រ្តទាក់ទង នឹងជំងឺកូវីដ-១៩ មួយចំនួនទៀត ដើម្បីជួយដល់ខេត្តព្រះសីហនុ និងកងយោធពលខេមរភូមិន្ទកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

ដំណើរទស្សនកិច្ចនេះ ក៏ផ្តល់ឱកាស សម្រាប់ប្រទេសទាំងពីរ ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ កងទ័ពជើងទឹក ជាក់ស្តែងរបស់យើង និងផ្លាស់ប្តូរយោបល់ អំពីសន្តិភាព និងសន្តិសុខស្ត្រី តាមរយៈសិក្ខាសាលាអនឡាន ដែលនឹងត្រូវរៀបចំឡើង ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ។

ស្ថានទូតបានថ្លែងអំណរគុណ ដល់ប្រទេសកម្ពុជា ដែលបានជួយសម្រួល ដល់ដំណើរទស្សនកិច្ចនេះ ក្នុងពេលកំពុងតែមានបញ្ហាប្រឈមនានា ក្នុងការរៀបចំដោយសារតែជំងឺកូវីដ-១៩។

To Top