បរទេស៖ ប្រទេសរុស្ស៊ី បាននិយាយថា នាវាមួយគ្រឿងក្នុងចំណោម នាវាយោធាខ្លួន បានដេញនាវាពិឃាត ទ័ពជើងទឹកអាមេរិក ដែលមានបំណងបំពាន ដែនទឹករុស្ស៊ី នៅក្នុងអំឡុងសហសមយុទ្ធជើងទឹក រុស្ស៊ីនិងចិន នៅក្នុងសមុទ្រជប៉ុន កាលពីថ្ងៃសុក្រ តែទីក្រុងវ៉ាស៊ីនតោន និយាយថា វាមិនពិតនោះទេ។
យោធាសហរដ្ឋអាមេរិក Chafee បាននិយាយថា នាវាពិឃាត សមត្ថភាពមីស៊ីល កំពុងតែធ្វើប្រតិបត្តិការតាមប្រក្រតីនៅក្នុងដែនទឹកអន្តរជាតិ នៅសមុទ្រជប៉ុន នៅពេលដែលនាវាពិឃាត រុស្ស៊ីមួយគ្រឿង ធ្វើដំណើរចូលក្នុងចម្ងាយ៦០ម៉ែត្រ ពីនាវាអាមេរិកនោះ ប៉ុន្តែការជួបគ្នានេះ ប្រព្រឹត្តទៅដោយសុវត្ថិភាព និងប្រកបដោយវិជ្ជាជីវៈ។
សេចក្តីថ្លែងការណ៍មួយ ពីយោធាសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា សេចក្តីថ្លែងការណ៍ពីក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី ស្តីពីការជួបគ្នារវាងនាវាទ័ពជើងទឹកទាំងពីរនោះ គឺជារឿងមិនពិតនោះទេ។
សេចក្តីថ្លែងការណ៍ របស់យោធាអាមេរិកនោះ បាននិយាយបន្ថែមយ៉ាងដូច្នេះថា “គ្រប់ពេលវេលាទាំងអស់ នាវា USS Chafee បានធ្វើប្រតិបត្តិការដោយអនុលោម តាមច្បាប់និងទំនៀមរបស់អន្តរជាតិ”។
គួរបញ្ជាក់ថា នេះជាលើកទីពីរហើយ ក្នុងរយៈពេល៤ខែ ដែលប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនបានដេញនាវាចម្បាំង របស់ប្រទេសសមាជិកណាតូ ចេញពីដែនទឹករបស់ខ្លួន គឺនៅក្នុងខែមិថុនា រុស្ស៊ីបានចោទប្រកាន់នាវាពិឃាតអង់គ្លេសមួយគ្រឿង ពីបទបំពានដែនទឹកខ្លួននៅជិតតំបន់គ្រីមា ស្ថិតក្នុងសមុទ្រខ្មៅ៕
ប្រែសម្រួល៖ប៉ាង កុង