ភ្នំពេញ ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ AHF តាមរយៈយុទ្ធនាការទាមទារឲ្យមានវ៉ាក់សាំងទូទាំងពិភពលោក Vaccinate Our World ហៅកាត់ថា VOW នៅកម្ពុជា បានបន្តអំពាវនាវដល់បណ្តាប្រទេសអ្នកមាននៅទូទាំងពិភពលោក( G20 ) បន្តផ្តល់ជាជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជួយដល់បណ្តាប្រទេសក្រីក្រី ខណៈពេលបច្ចុប្បន្ននេះនៅមិនទាន់ ទទួលបានវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋបានច្រើននៅឡើយទេ។
ការអំពាវនាវនេះ បានធ្វើឡើង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ ដើម្បីជាការត្រៀមក្នុងការក្នុងការតស៊ូមតិចុងក្រោយមួយនៅមុនកិច្ចប្រជុំកំពូល G20 នៅចុងខែ តុលានេះ ដែលនឹងប្រព្រឹត្តទៅនៅឯទីក្រុងរ៉ូម ប្រទេស អ៊ីតាលី និងជាការបន្តកិច្ចខិតខំប្រឹងប្រែងជំរុញឱ្យមេដឹកនាំនៃបណ្ដាប្រទេសអ្នកមាននៅលើពិភពលោក ធានាឱ្យបាននូវសិទ្ធិទទួលបានវ៉ាក់សាំងបង្ការ កូវីដ-១៩ ជាសកលតាមរយៈការផ្ញើលិខិតទៅកាន់បណ្ដាស្ថានទូតនៃប្រទេស G20 ផងដែរ។
លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានកម្មវិធីរបស់អង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍នៅកម្ពុជា បានឱ្យដឹងថា គិតត្រឹមពាក់កណ្ដាលខែតុលានេះ មានជិតពាក់កណ្ដាលនៃប្រជាជនពិភពលោកបានទទួលការចាក់វ៉ាក់សាំងបង្ការ កូវីដ-១៩ ហើយភាគច្រើនបានប្រើប្រាស់ ឬចាក់នៅក្នុងបណ្ដាប្រទេសអ្នកមាន។ ជំងឺ កូវីដ-១៩ នៅតែបន្តបង្កការបំផ្លិចបំផ្លាញនៅទូទាំងតំបន់អាស៊ី, អាហ្វ្រិក, អាមេរិកឡាទីន និងនៅជុំវិញពិភពលោក ហើយនេះក៏ដោយសារតែកង្វះខាតវិធានការ នោះគឺការខ្វះខាតវ៉ាក់សាំងសង្រ្គោះជីវិតមនុស្ស។
លោកស្រីវេជ្ជបណ្ឌិត បានបន្ថែមថា ខណៈកម្ពុជាសម្រេចបាននូវអាត្រាចាក់វ៉ាក់សាំងដ៏ខ្ពស់ បណ្ដាប្រទេសដទៃនៅតែបន្តរងការឈឺចាប់ដោយសារ កូវីដ-១៩ នៅឡើយ។ ជាក់ស្ដែងមានតែ ៧ភាគរយនៃប្រជាជនអាហ្វ្រិក ដែលបានទទួលការចាក់វ៉ាក់សាំង កូវីដ-១៩ ហើយបណ្ដាប្រទេសមានប្រាក់ចំណូលទាបមានតែប្រជាជន ២.៥ ភាគរយប៉ុណ្ណោះដែលទទួលបានការចាក់វ៉ាក់សាំងដូសទី១។ ដូច្នេះហើយយុទ្ធនាការ VOW ជម្រុញឱ្យបណ្ដាប្រទេសG20 ធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់ ដើម្បីធានា ឱ្យបាននូវការចាក់វ៉ាក់សាំងឱ្យពិភពលោកទាំងមូល។
សកម្មភាពតស៊ូមតិរបស់អង្គការ AHF ប្រចាំកម្ពុជា គ្រាន់តែជាព្រឹត្តិការណ៍មួយផ្នែកតូចរបស់ VOW ដែលវាផ្តោតសំខាន់លើប្រទេសជាច្រើនក្នុងរយៈពេលប៉ុន្មាន ខែចុងក្រោយនេះ នៅមុនកិច្ចប្រជុំកំពូល G20។ សកម្មជនក៏កំពុងជំរុញឱ្យបង្កើនលទ្ធភាពសិក្សាពីលំដាប់ហ្សែន ដើម្បីតាមដានវីរុសបំប្លែងថ្មី និងកំពុងរៃអង្គាសប្រាក់ចំនួន ១០០ពាន់លានដុល្លារ ដែលគ្រប់គ្រាន់ដើម្បីចាក់វ៉ាក់សាំងពិភពលោក ក៏ដូចជាប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិដែលជាមធ្យោបាយចម្បងក្នុងការដោះស្រាយ ជំងឺរាតត្បាត និងការធ្វើសេចក្តីព្រាងអនុសញ្ញាសុខភាពសាធារណៈសកលថ្មីមួយ សំដៅបម្រើប្រព័ន្ធអភិបាលកិច្ចសុខភាពទូទាំងពិភពលោក ឱ្យមានសមត្ថភាព ឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះការផ្ទុះឡើងនាពេលអនាគត។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីនៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) បានឱ្យដឹងដែរថា មេដឹកនាំមកពីប្រទេស G20 ត្រូវតែប្តេជ្ញាចិត្តចំពោះសកម្មភាពពិតប្រាកដនៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខនេះ ដើម្បីធានាថាគ្រប់ប្រទេសមិនថាទីតាំងភូមិសាស្ត្រ ឬស្ថានភាពសេដ្ឋកិច្ច យ៉ាងណានោះទេ គឺត្រូវតែមានវ៉ាក់សាំងដើម្បីការពារប្រជាពលរដ្ឋ និងបញ្ចប់ការរីករាលដាលនៃជំងឺរាតត្បាតនេះទេ។ ត្រូវចាប់ផ្តើមដោយធានាថា ក្រុមហ៊ុនផលិត វ៉ាក់សាំង ចែក រំលែកចំណេះដឹង និងបច្ចេកវិទ្យាឧបត្ថម្ភដល់អ្នកជាប់ពន្ធដើម្បីជំរុញផលិតកម្មវ៉ាក់សាំងឱ្យបានទូទាំងពិភពលោក។ ស្វែងយល់បន្ថែមពី VaccinateOurWorld.org ដោយចូល VaccinateOurWorld.org, ដើម្បីរួមគ្នាទាមទារឱ្យមានការចាក់វ៉ាក់សាំងនៅទូទាំងពិភពលោក។
សូមជម្រាបថា អង្គការនិធិថែទាំសុខភាពអេដស៍ (AHF) ដែលជាអង្គការអេដស៍ពិភពលោកធំជាងគេ នាពេលបច្ចុប្បន្នផ្តល់ការព្យាបាល និងផ្តល់សេវាកម្មវេជ្ជសាស្រ្ត ដល់អតិថិជន ជាង ១,៦ លាននាក់នៅក្នុងប្រទេសចំនួន ៤៥ នៅទូទាំងពិភពលោកនៅសហរដ្ឋអាមេរិកអាហ្វ្រិកអាមេរិកឡាទីន/ការ៉ាអ៊ីបតំបន់អាស៊ីប៉ាស៊ីហ្វិកនិងអឺរ៉ុប។ ដើម្បីស្វែងយល់បន្ថែមអំពី AHF សូមចូលមើលគេហទំព័រ៖ www.aidshealth.org ស្វែងរកយើងតាមហ្វេសប៊ុក៖ www.facebook.com/aidshealth តាម Twitter៖ @aidshealthcare និង Instagram: @aidshealthcare៕