នយោបាយ

លោក សុខ ឥសាន ៖ អ្នកប្រឆាំងមិនពេញចិត្ត ក្រដាសប្រាក់៣ម៉ឺនរៀលថ្មី ដាក់រូប ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ សូមកុំចាយ (Video)

ភ្នំពេញ ៖ ក្រដាសប្រាក់៣០០០០រៀល របស់ខ្មែរគំរូថ្មី ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាតឲ្យ ចេញចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ប៉ុន្តែការចេញនេះ មានក្រុមប្រឆាំង បានសម្តែង ការមិនពេញចិត្ត និងរិះគន់ផងដែរ។ ចំពោះការរិះគន់ ក៏ដូចជាការមិនពេញចិត្ត ត្រូវបានលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឆ្លើយតបថា បើមិនពេញចិត្តទេ សូមកុំចាយទៅ គឺចប់ហើយ ។

ក្រដាសប្រាក់៣០០០០រៀលថ្មីនេះ ដើម្បីអបអរសាទរខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០២១) និងខួប៣០ឆ្នាំ នៃការយាងនិវត្តន៍ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមនតនកោដ្ឋ ។

បើតាមការផ្សាយ របស់វិទ្យុអាស៊ីសេរីគឺថា “ពលរដ្ឋរិះគន់ ការបោះក្រដាសប្រាក់៣០០០០រៀល ដាក់រូបសម្តេច ហ៊ុន សែន នោះថាជាការមិនឲ្យតម្លៃ ព្រះមហាក្សត្រ និងជាការកេង ចំណេញនយោបាយ” ។

ជាមួយគ្នានេះ លោក គង់ សុភា អតីតមន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ បានលើកឡើងតាមហ្វេសប៊ុក នាថ្ងៃ១៨ តុលាដែរថា “សន្ធិសញ្ញាទីក្រុងប៉ារីស ត្រូវសម្តេច ហ៊ុន សែន ព្យាយាមលុបចោលម្ដងជាពីរដង យូរហើយ ។ តែដោយសារចង់ដាក់រូបខ្លួន លើក្រដាសលុយជាតិ ក៏ធ្វើជាមកលើកតម្កើង កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ព្រោះជាលេសមួយ ដើម្បីដាក់រូបខ្លួន ឲ្យទំនងបន្តិច ព្រោះរឿងលុយជាតិមួយៗ មិនអាចចេះតែដាក់រូប ផ្ដេសផ្ដាស់បានទេ ជាពិសេសស ប្រទេសដែលមានស្ដេច” ។

តាមរយៈបណ្តាញ តេឡេក្រាម នាថ្ងៃ១៨ តុលា លោក សុខ ឥសាន បានថ្លែងថា ការបោះក្រដាសប្រាក់៣០០០០រៀលថ្មីនេះ គឺជាការរំលឹកខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។ ចំពោះការដាក់រូបសម្តេចព្រះនរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នៅក្នុងក្រដាសប្រាក់៣០០០០រៀល គឺជាការរំលឹកពីឥស្សរជនទាំងដែលជាស្ថាបនិក នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសប៉ុណ្ណោះ ។ ដូច្នេះអ្នកប្រឆាំងទាំងឡាយ កុំចេះតែគិតអ្វីផ្តេសផ្តាស់តាមការនឹកឃើញរបស់ខ្លួន។

លោកបញ្ជាក់ថា “ដូច្នេះ បើអ្នកប្រឆាំងណា មិនពេញចិត្តនឹងក្រដាស់ប្រាក់៣០០០០រៀល កុំតែចាយទៅជាការស្រេចហើយ” ។

សម្រាប់មតិថា ការលុបថ្ងៃ២៣ តុលា ពីថ្ងៃឈប់សម្រាក សម្រាប់បុណ្យជាតិ ដើម្បីលុបបំបាត់ស្នាព្រះហស្ត របស់អតីព្រះមហាក្សត្រនោះ ត្រូវបានលោក សុខ ឥសាន អះអាងថា ការកាត់បន្ថយថ្ងៃឈប់សម្រាកនេះ ដើម្បីប្រកួតប្រជែង ទាក់ទាញវិនិយោគពីបរទេស រកការងារឲ្យកូនចៅ ប្រជាជនមានការធ្វើទេ ៕

To Top