ព័ត៌មានជាតិ

កម្ពុជា រងសម្ពាធខ្ពស់ពីចិន-ឥណ្ឌា ធ្វើឲ្យតំបន់ជាប់វៀតណាម មានភ្លៀងធ្លាក់ ច្រើនលាយផ្គរ រន្ទះចាប់ពីស្អែក

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានគូសបញ្ជាក់ឲ្យដឹងថា តំបន់មួយចំនួនជាពិសេសនៅជាប់ព្រំប្រទល់ប្រទេសវៀតណាម នឹងមានភ្លៀងធ្លាក់ច្រើនអន្លើៗ ដោយសារកម្ពុជារងសម្ពាធខ្ពស់ពីប្រទេសចិន និងឥណ្ឌា ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង នាថ្ងៃ១៩ តុលា បានឲ្យដឹងថា ចាប់ពីថ្ងៃ២០-២៦ តុលា នាសប្ដាហ៍ខាងមុខ កម្ពុជាភាគខាងជើងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចិន រីឯភាគខាងត្បូងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ។

ក្រសួងថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលមានសីតុណ្ហភាពអប្បបរមាពី២២-២៤ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣១-៣៣អង្សាសេ អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំផ្គរ រន្ទះ ។ ជាមួយគ្នានោះ នៅបណ្តារាជធានី-ខេត្តភាគខាងក្រោមមានព្រំប្រទល់ជាប់វៀតណាម អាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ ។

ចំណែក បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមាពី២១-២៣អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣១-៣៣អង្សាសេ អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ។

ដោយឡែក តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមា ពី៣០-៣២អង្សាសេ អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ៕

To Top