Covid-19

Full Story ៖ នាយករដ្ឋមន្រ្តី ៖ កុំបញ្ជូនអ្នកជំងឺកូវីដ មកព្យាបាលនៅភ្នំពេញ ព្រោះអាចបង្កគ្រោះថ្នាក់ កាន់តែធ្ងន់ធ្ងរ (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវ ដល់ក្រុមគ្រួសារអ្នកកើតជំងឺកូវីដ-១៩ ធ្វើយ៉ាងណាកុំបញ្ជូនអ្នកជំងឺ មកព្យាបាលនៅរាជធានីភ្នំពេញ ព្រោះអាចបង្កឲ្យអ្នកជំងឺគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ ដូច្នេះត្រូវទុកចិត្តក្រុមគ្រូពេទ្យនៅតាមបណ្ដាលខេត្ត ។

តាមរយៈសារសំឡេង នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោបានណែនាំដល់អាជ្ញាធរត្រូវរៀបចំ យកវ៉ាក់សាំងកូវីដ-១៩ ទៅចាក់ជូនប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋចាក់បានគ្រប់ៗគ្នា ព្រោះអត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ភាគច្រើនអ្នកមិនទាន់ចាក់វ៉ាក់សាំង ហើយអ្នកមិនទាន់ចាក់វ៉ាក់សាំងមានមូលហេតុខុសៗគ្នា។

សម្ដេចតេជោ បានសង្កេតឃើញថា មានការបញ្ជូនអ្នកជំងឺកូវីដ-១៩ ពីបណ្តាខេត្តមករាជធានីភ្នំពេញ ដែលការបញ្ជូននេះ មិនមែនជាការសម្រេចចិត្តរបស់មន្ទីរពេទ្យនោះទេ ប៉ុន្តែជាការបញ្ជូនដោយក្រុមគ្រួសារអ្នកជំងឺ។ សម្ដេចថា នាពេលបច្ចុប្បន្ន បានពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យ នៅតាមបណ្ដាលខេត្ត ដូច្នេះ មិនចាំបាច់បញ្ជូនអ្នកជំងឺមក រាជធានីភ្នំពេញឡើយ នាំឲ្យអ្នកជំងឺកាន់តែមានស្ថានភាពធ្ងន់ធ្ងរបន្ថែមទៀត។

សម្ដេចតេជោ មានប្រសាសន៍ថា «ប្រសិនបើមានការចាត់បញ្ជូន អ្នកជំងឺពីខេត្តមកកាន់ទីក្រុងភ្នំពេញ នឹងនាំឲ្យមានគ្រោះថ្នាក់ទៅវិញទេ ។ ខ្ញុំសូមស្នើឲ្យមានការយកចិត្តទុកដាក់។ យោងតាមការស្រាវជ្រាវបែបវិទ្យារបស់គ្រូពេទ្យ បានបង្ហាញឲ្យឃើញថា ប្រសិនបើអ្នកជំងឺនេះ ធ្វើដំណើរឆ្ងាយ ហើយដោយមានរថយន្ដ ដោយមានម៉ាស៊ីនត្រជាក់ទៀតផង គឺធ្វើឲ្យអ្នកជំងឺ នេះមានបញ្ហាកាន់តែធ្ងន់ទៅវិញ»។

សម្ដេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវទុកចិត្តមន្ទីរពេទ្យនៅតាមបណ្តាខេត្ត ហើយជាពិសេសនោះ មិនកកកុញ អ្នកជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ។

សម្ដេចតេជោ បានបញ្ជាក់ទៀតថា «អ្វីដែលជាបញ្ហាធំជាងគេ គឺបញ្ហាការពារអាយុជីវិតអ្នកជំងឺ ដើម្បីកុំឲ្យគ្រោះថ្នាក់ដោយការចាត់បញ្ជូន ដោយមិនមានការទទួលខុសត្រូវច្បាស់លាស់ ហើយធ្វើឲ្យមានគ្រោះថ្នាក់ដល់អ្នកជំងឺនោះវិញ តាមរយៈការបញ្ជូនមករាជធានីភ្នំពេញ ដែលគ្មានការចាំបាច់ ហើយនៅឯខេត្ត មានលទ្ធភាពក្នុងការព្យាបាលផងដែរ»។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ក្រោយពិធីបុណ្យភ្ជុំបិណ្ឌរួចមក មិនមានផ្ទុះការរីករាតត្បាតជំងឺកូវីដ-១៩ឡើយ។ សម្តេចក៏បានចាត់ទុកថា ទាំងនេះជាលទ្ធផលទទួលបាន ដោយកើតចេញពីការចាក់វ៉ាក់សាំងកូវីដ-១៩។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១១៦.៨៦០នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន១១១.១៤៩នាក់ និងអ្នកស្លាប់ ចំនួន២,៦៧០នាក់។

ដោយឡែក គិតត្រឹមថ្ងៃទី១៨ តុលា ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន១៣.៦០៩.៥២១នាក់៕

To Top