Covid-19

សម្តេចតេជោ ឲ្យអាជ្ញាធរខិតខំ ពន្លឿនផ្តល់វ៉ាក់សាំងបង្ការកូវីដ១៩ ដល់អ្នកខកខាន ស្របពេលពលរដ្ឋខកខានខ្លះថា មាននីតិវិធីវែងឆ្ងាយ

ភ្នំពេញ៖ តាមរយៈសារសំឡេងពិសេស ផ្ញើជូនជនរួមជាតិ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្រុមគ្រូពេទ្យ យកចិត្តទុកដាក់ និងខិតខំផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនពលរដ្ឋដែលខកខាន ក្រោមមូលហេតុនានា ឲ្យបានលឿន ដើម្បីបញ្ចៀសអាត្រាមរណ ខណៈសម្តេចសង្កេតឃើញថា អ្នកបាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩ភាគច្រើន មិនទាន់បានចាក់វ៉ាក់សាំងបង្ការ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ម្សិលមិញនេះ មានចំនួន អ្នកស្លាប់១២នាក់ ក្នុង១២នាក់នេះ មាន៨នាក់រួចស្រេចទៅហើយ ដែលមិនបានចាក់វ៉ាក់សាំង ។ ជាទូទៅចំនួនអ្នកដែលបានមរណភាព ដោយសារមិនបានចាក់វ៉ាក់សាំងនេះ គឺជាចំនួនដ៏ធំ ហើយអ្នកមិនបានចាក់វ៉ាក់សាំង មានមូលហេតុខុសៗគ្នាៗ” ។

សម្តេចបានមានប្រសាសន៍បន្តថា “ហើយខ្ញុំសូមស្នើសម្រាប់ ក្រុមគ្រូពេទ្យរបស់យើង អាជ្ញាធរ ក៏ដូចពលរដ្ឋរបស់យើង គឺខិតខំ ដើម្បីទទួលបាននូវវ៉ាក់សាំង ។ ទោះបីយើងបិទបញ្ចប់ ការចាក់វ៉ាក់សាំង នៅតាមខេត្តមួយចំនួន រួចទៅហើយក៏ដោយ ក៏ប៉ុន្តែយើងទុកវ៉ាក់សាំង សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើង ។ យើងអាចមានកម្មវិធី ដើម្បីទៅចាក់វ៉ាក់សាំង ដល់ប្រជាពលរដ្ឋ នៅតាមភូមិ តាមផ្ទះតែម្តង ក្នុងករណី ដែលប្រជាពលរដ្ឋរបស់យើង មិនអាចធ្វើដំណើរ មកកាន់ទីកន្លែងចាក់វ៉ាក់សាំងបាន នេះសូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រូពេទ្យរបស់យើង យកចិត្តទុកដាក់សម្រាប់ការអនុវត្ត នៅឯមូលដ្ឋាន” ។

យ៉ាងណាមិញ កន្លងមក មានប្រជាពលរដ្ឋ មួយចំនួនដែលខកខានមិនបានចាក់វ៉ាក់ ធ្លាប់បានលើកឡើងអំពីការ រៀបចំឯកសារ ឬមាននីតិវីធីច្រើន ទម្រាំបានទទួលវ៉ាក់សាំង បង្ការពីក្រុមគ្រូពេទ្យ តួយ៉ាងស្ត្រីម្នាក់ដែលទើបសម្រាលកូន ហើយខកខាន មិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ តាមការកំណត់របស់អាជ្ញាធរ បានឲ្យដឹងថា ខ្លួនត្រូវទៅតម្រងជួរ ជាមួយគេឯងនៅមន្ទីរពេទ្យបង្អែក ពីព្រឹកម៉ោង៧ជាង ដល់ម៉ោង១០ជាង ដោយមើលឃើញ មិនមានក្រុមគ្រូពេទ្យណាម្នាក់ទំនេរ នឹងអាចសាកសួរព័ត៌មានលំអិតអ្វីឡើយ ពោលត្រូវតម្រងជួរ រហូតបានចូលទៅជួប ក្រុមគ្រូពេទ្យនៅតុខាងក្នុង ខណៈទៅដល់បានប្រាប់ ក្រុមគ្រូពេទ្យពីមូលហេតុសព្វគ្រប់ ចំពោះការខកខាន ក្រុមគ្រូពេទ្យ បានឲ្យត្រឡប់មកផ្ទះវិញ ដោយមិនទទួលចាក់ឡើយ ដោយតម្រូវឲ្យមកបញ្ជាក់មូលហេតុ ជាមួយឃុំ-សង្កាត់វិញសិន ។

ប្រភពពីពលរដ្ឋដដែលនេះ បានឲ្យដឹងទៀតថា ខ្លួនក៏ធ្វើតាមក្រុមគ្រូពេទ្យប្រាប់ នឹងបានមករកឃុំ-សង្កាត់ដែលខ្លួនរស់នៅ ហើយធ្វើលិខិតបញ្ជាក់មួយច្បាប់ នៅថ្ងៃបន្ទាប់ទើបបានទៅតម្រងជួរជាថ្មី និងចំណាយពេលដដែល ទើបបានចាក់ថ្នាំបង្ការដូចគេដូចឯង ដែលការធ្វើបែបនេះ ត្រួវចំណាយពេលច្រើន និងកាន់តែវែងឆ្ងាយ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×