Covid-19

សម្ដេចតេជោ ចាត់ទុកអ្នកឆ្លងជំងឺកូវីដ-១៩ ជាឡើងវិញ នឹងក្លាយជាអ្នកប្រឆាំង ជំងឺនេះដ៏អស្ចារ្យ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកអ្នកឆ្លងជំងឺកូវីដ-១៩ ហើយបានព្យាបាលជាសះស្បើយឡើងវិញ នឹងក្លាយជាអ្នកប្រឆាំងជំងឺនេះដ៏អស្ចារ្យ ព្រោះបណ្ដាប្រទេសមួយចំនួន គេយកអ្នកជាសះស្បើយពីជំងឺនេះ ទៅផ្ដល់សេវាដល់អ្នកកើតកូវីដថ្មី។

តាមរយៈសារសំឡេង នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ បានថ្លែងឲ្យដឹងថា បើសិនមានលើកទឹកចិត្ត ពីអ្នកជិតខាង ឬអ្នកជុំវិញខ្លួន ច្បាស់ជាធ្វើឲ្យអ្នកជំងឺកូវីដ-១៩ មានលើកទឹកចិត្តរីករាយ និងឆាប់បានជាសះស្បើយ។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមបញ្ជាក់ថា អ្នកកើតកូវីដ-១៩ ហើយបានជាឡើងវិញ បានក្លាយទៅជាអ្នកដែលថ្ងៃក្រោយ នឹងក្លាយទៅជាអ្នកប្រឆាំងកូវីដដ៏អស្ចារ្យ។ នៅប្រទេសមួយចំនួន គេបានប្រើប្រាស់ អ្នកបានកើតកូវីដ គឺយកទៅជួយធ្វើសេវា ក្នុងការបម្រើឲ្យដែលបានកំពុងកើតកូវីដទៅវិញ»។

ឆ្លៀតឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបានរំលឹកថា កាលពេលមុន បើមានអ្នកឆ្លងជំងឺកូវីដ-១៩ ត្រូវបិទភូមិ បិទរោងចក្រ ជាដើម ដើម្បីចុះទៅយកសំណាក់នៅតំបន់ផ្ទុះជំងឺនេះ ប៉ុន្តែបច្ចុប្បន្ននេះ មិនចាំបាច់ធ្វើបែបនេះទៀតឡើយ ដោយស្ម័គ្រចិត្តទៅយកសំណាក់ខ្លួនឯង ដែលរៀបចំដោយក្រសួងសុខាភិបាល នៅតាមមូលដ្ឋាន។
សម្ដេចតេជោបញ្ជាក់ថា «ឥឡូវនេះ យើងមិនបានធ្វើដូច្នោះទៀតទេ ប៉ុន្ដែយើងដាក់ទីតាំងយកសំណាក់ នៅពេលមានការសង្ស័យ បុគ្គលម្នាក់ៗ ត្រូវមានការយល់ដឹង ទទួលខុសត្រូវខ្លួនឯង ដើម្បីមកយកសំណាក់ នៅទីតាំងដែលរៀបចំ ដោយផ្នែកសុខាភិបាល នៅគ្រប់ទីកន្លែង»។

សម្ដេចតេជោបន្ដថា នៅពេលផ្នែកសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩នៅតំបន់ណាមួយ ផ្នែកសុខាភិបាល ក៏ត្រូវពិនិត្យ និងពិភាក្សាជាមួយជំងឺផ្ទាល់ ដើម្បីអាចព្យាបាលជំងឺនៅតាមផ្ទះ ឬនៅតាមមន្ទីរពេទ្យ កម្រិតធ្ងន់ ឬកម្រិតស្រាល។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១១៦.៨៦០នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន១១១.១៤៩នាក់ និងអ្នកស្លាប់ ចំនួន២,៦៧០នាក់ ៕

To Top