ព័ត៌មានជាតិ

រដ្ឋមន្ត្រីយុត្តិធម៌ ៖ មេធាវីការពារក្តី ឲ្យជនក្រីក្រកាន់តែច្រើន និងដោយការ ទទួលខុសត្រូវខ្ពស់ នឹងទទួលបាន កិត្តិយស-កេរ្តិ៍ឈ្មោះល្អ

ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា មេធាវីដែលបានទទួលការពារក្តីជូនជនក្រីក្របានកាន់តែច្រើន និងប្រកបដោយ ការទទួលខុសត្រូវខ្ពស់ មេធាវីរូបនោះ នឹងទទួលបាននូវកិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីគោរពនៅក្នុងសង្គមជាតិ។

ការបញ្ជាក់របស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ខណៈអញ្ជើញ ជាអធិបតីភាព ក្នុងពិធីបិទមហាសន្និបាតប្រចាំឆ្នាំលើកទី២៦ របស់គណៈមេធាវីកម្ពុជា ឡើងនៅទីស្នាក់ការគណៈមេធាវី កាលពីរសៀលថ្ងៃទី១៨ខែតុលា ។

លោក កើត រិទ្ធ បានគូសបញ្ជាក់ថា «មេធាវីដែលបានទទួលការពារក្តី ជូនជនក្រីក្របានកាន់តែច្រើន និងប្រកបដោយការទទួលខុសត្រូវខ្ពស់ មេធាវីរូបនោះ នឹងទទួលបាននូវកិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីគោរពនៅក្នុងសង្គមជាតិផងដែរ»។

ទន្ទឹមនេះ រដ្ឋមន្ត្រី បានផ្តាំផ្ញើដល់មេធាវីគ្រប់រូប ឲ្យគោរពត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ហើយត្រូវរក្សាឲ្យបាននូវគោលការណ៍សុចរិតភាព និងភាពស្មោះត្រង់ ដើម្បីជួយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជា ដើម្បីការពារ និងលើកកម្ពស់កិត្តិយសសេចក្តីថ្លៃថ្នូរ និងតម្លៃនៃវិជ្ជាជីវៈមេធាវី។
សូមបញ្ជាក់ថា ក្នុងពិធីបិទមហាសន្និបាតប្រចាំឆ្នាំលើកទី២៦ របស់គណៈមេធាវីកម្ពុជា ក៏បានប្រកាសមេធាវីជ័យលាភីទាំង៣៣រូបផងដែរ ដែលបានទទួលកិត្តិយសជាប់ក្លាយជាក្រុមប្រឹក្សាគណៈមេធាវីថ្មី អាណត្តិទី១០ ៕

To Top