ព័ត៌មានជាតិ

ក្រសួងផែនការ សង្ឃឹមថា ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាល វិធីសាស្ដ្រវិភាគ មន្ដ្រីទាំងអស់នឹងប្រែក្លាយចំណេះដឹង ទៅជាការអនុវត្តជាក់ស្ដែង

ភ្នំពេញ ៖ លោក កង សូសាទី អនុរដ្ឋលេខាធិការក្រសួងផែនការ បានបង្ហាញក្តីសង្ឃឹមថា ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល «វិធីសាស្ដ្រវិភាគ និងចងក្រងសូចនាករ ស្ថិតិសុខាភិបាល ដោយប្រើប្រាស់ទិន្នន័យ អង្កេតសេដ្ឋកិច្ច សង្គមកិច្ច និងកម្មវិធី SPSS» មន្ត្រីទាំងអស់ នឹងប្រែក្លាយ ចំណេះដឹងដែលទទួលបាន ទៅជាការអនុវត្តជាក់ស្ដែង ក្នុងការងារជំនាញដែលខ្លួន កំពុងទទួលខុសត្រូវ។

ក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «វិធីសាស្ដ្រវិភាគ និងចងក្រងសូចនាករ ស្ថិតិសុខាភិបាល ដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ច និងកម្មវិធី SPSS» នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ លោក កង សូសាទី បានស្នើដល់សិក្ខាកាមដែលចូលរួម វគ្គបណ្តុះបណ្តាលទាំងអស់ ត្រូវយកចិត្តទុកដាក់កម្រិតខ្ពស់ ត្រងត្រាប់ស្តាប់ និងចូលរួមរៀនសូត្រឲ្យបានគ្រប់ៗគ្នា ឲ្យបានជាប់លាប់ ទៀងទាត់ទៅតាមកម្មវិធី ដែលបានរៀបចំ ចំនួន៤ថ្ងៃ និងសូមសួរដេញដោលឲ្យបានសកម្ម តាមបទពិសោធន៍ការងារជាក់ស្តែង ដែលបានជួបប្រទះ ជាមួយគ្រូឧទ្ទេសនាម។

លោកជឿជាក់ថា វគ្គបណ្តុះបណ្តាលដ៏មានអត្ថន័យនេះ នឹងទទួលបានលទ្ធផលល្អប្រសើរ សម្រាប់មន្ត្រីដែលបាន ទទួលការបង្ហាត់បង្រៀន ពីសំណាក់គ្រូឧទ្ទេសនាម ដែលមានបទពិសោធន៍មក ពីនាយកដ្ឋានស្ថិតិសង្គមកិច្ច នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ។

ផ្ទាំងពាណិជ្ជកម្ម

លោកបញ្ជាក់ថា «ខ្ញុំក៏សង្ឃឹមយ៉ាងមុតមាំថា ក្រោយពីការចូលរួម វគ្គបណ្តុះបណ្តាលនេះទៅ មន្ត្រីទាំងអស់ នឹងប្រែក្លាយចំណេះដឹង ដែលទទួលបាន ទៅជាការអនុវត្តជាក់ស្ដែង ក្នុងការងារជំនាញដែលខ្លួន កំពុងទទួលខុសត្រូវ ជាពិសេស ខិតខំប្រឹងប្រែងពង្រឹង និងអភិវឌ្ឍស្ថិតិសុខាភិបាល ឲ្យកាន់តែមានសក្តានុពលសម្រាប់បម្រើ ជូនដល់អ្នកប្រើប្រាស់គ្រប់ប្រភេទ»។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី «វិធីសាស្ត្រវិភាគ និងចងក្រងសូចនាករ ស្ថិតិសុខាភិបាល ដោយប្រើ ប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ច និងកម្មវិធី SPSS» មានគោលបំណងសំខាន់ ចំនួន៤ រួមមាន ទី១-ដើម្បីពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធ ការងារចងក្រងស្ថិតិសុខាភិបាល និងមន្ត្រីតាក់តែងគោល នយោបាយផ្នែកសុខា ភិបាល ,ទី២-ស្វែងយល់ពីបទពិសោធន៍ នៃការស្រាវជ្រាវសុខភាពសាធារណៈ ,ទី៣-ការប្រើប្រាស់ទិន្នន័យអង្កេត ជាតិផ្នែកសុខាភិបាល ជាពិសេសអង្កេតសេដ្ឋកិច្ច សង្គមកិច្ច និងការចងក្រង ការវិភាគស្ថិតិសុខាភិបាល និងទី៤-ស្វែងយល់អំពីការចង់ក្រង និងវិភាគគណនីជាតិសុខាភិបាល។

ជាងនេះទៅទៀត វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ១៩-២២ ខែតុលា ឆ្នាំ២០២១ ដោយចូលរួមពីគ្រូឧទ្ទេសនាមសំខាន់ៗ និងមានបទពិសោធន៍ របស់នាយកដ្ឋានស្ថិតិសង្គមកិច្ច នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ៕

To Top
×