ព័ត៌មានជាតិ

កម្ពុជា-ចិន ចុះហត្ថលេខា រៀបចំផែនការមេ ដើមី្បអភិវឌ្ឍ ខេត្តព្រះសីហនុ (Video)

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសពត៌មាន ស្តីពីពិធីការចុះហត្ថលេខា លើកិច្ចសន្យាផ្តល់ សេវាកម្ម រៀបចំផែនការមេ ដើមី្បអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់ សេដ្ឋកិច្ចពិសេស គំរូពហុបំណងរវាង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង វិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន (UPDIS) នាព្រឹកថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២១, តាមរយៈប្រព័ន្ធវីដេអូហ្សូម (Zoom) ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ផែនការមេនេះ ក៏នឹងជាផែនទីចង្អុលផ្លូវ សម្រាប់សម្របសម្រួលការអនុវត្ត រាល់សកម្មភាពរវាងភាគី ពាក់ព័ន្ធ រួមទាំង រដ្ឋ ឯកជន និង ដៃតួអភិវឌ្ឍន៍នានា ដោយឈរលើគោលដៅរួម និង ការទទួល ខុសត្រូវ ច្បាស់លាស់ តាមរយៈការកំណត់ ទិសដៅ សម្រាប់ការកៀរតរ , ទាក់ទាញ និងប្រមូលផ្ដុំប្រភពធនធាន, សកម្មភាព ធុរកិច្ច និង ការវិនិយោគ ដើម្បីសម្រេចឱ្យបាននូវ ចក្ខុវិស័យរយៈពេលវែង របស់រាជរដ្ឋាភិបាល ។

ការជ្រើសយកវិទ្យាស្ថាន UPDIS សម្រាប់ការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់ សេដ្ឋកិច្ចពិសេស គំរូពហុបំណង គឺដោយសារវិទ្យាស្ថាននេះ មានបទពិសោធន៍ជាង ៣០ ឆ្នាំ និងបានរៀបចំ ប្រមាណ ៥ ៨០០ គម្រោង នៅលើពិភពលោក ជាពិសេស ជាស្ថាប័នពីកមុខក្នុង ការរៀបចំផែនការ អភិវឌ្ឍទីក្រុង ស៊ុនជិន ។ វិទ្យាស្ថាន UPDIS នឹងប្រើប្រាស់នូវបទ ពិសោធន៍ទាំងនេះ ក្នុងការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍ ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង ឱ្យមានគុណភាពខ្ពស់ ដោយឆ្លុះបញ្ចាំងពីចក្ខុវិស័យនិង ទិសដៅអភិវឌ្ឍរបស់កម្ពុជា ព្រមទាំងអាចអនុវត្តបាន ស្របទៅតាមបរិការណ៍នយោបាយ សេដ្ឋកិច្ច និង សង្គមកម្ពុជា ។

ជារួម ផែនការមេនេះ ក៍នឹងក្លាយជាផែនទីចង្អុលផ្លូវ សម្រាប់ការវិនិយោត ដ៍សម្បូរបែប នៅក្នុងខេត្តព្រះសីហនុ ដោយមានភ្ជាប់ផែនការសកម្ម ជាក់លាក់សម្រាប់ ការអនុវត្ត ដែលឆ្លុះបញ្ចាំងច្បាស់ពីកាលានុវត្តភាព សម្រាប់ការវិនិយោគពហុវិស័យ ក្នុងបរិបទឧស្សាហកម្ម ៤.០ រួមបញ្ចូលទាំង ការវិនិយោគលើផ្នែកហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្តមានគុណភាពខ្ពស់, វិស័យឧស្សាហកម្ម, វិស័យកសិកម្ម, វិស័យសេវាកម្មទេសចរណ៍ និងការរស់នៅ ប្រកបដោយសុខុមាលភាព ស្របទៅតាមទិសដៅ ការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាព ។ ទន្ទឹមនេះ រាជ រដ្ឋាភិបាល នឹងដាក់ចេញនូវគោលនយោបាយ គាំទ្រនានាតាមការចាំបាច់ ក្នុងការជំរុញការអនុវត្តបន្ទាប់ពីផែនការ មេនេះត្រូវបានអនុម័ត ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top