ភ្នំពេញ ៖ ក្នុងនាមជាអភិបាល ខេត្តកំពតថ្មី ដែលទើបចូលកាន់តំណែង កាលពីថ្ងៃ១៣ តុលា លោក ម៉ៅ ធនិន ណែនាំអ្នកទទួលម៉ៅការភាស៊ីទាំងអស់ មិនត្រូវយកភាស៊ីពីជនចាស់ជរាដែលមានអាយុចាប់ពី ៦០ឡើង ឬក្មេងតូចៗ ដែលលក់បន្លែបង្កា ត្រី បន្តិចបន្តួចក្នុងផ្សារ នោះឡើយ។ នេះបើយោង តាមរដ្ឋបាលខេត្តកំពត ។

ក្នុងឱកាស ចុះសាកសួរសុខទុក្ខ អាជីវករផ្សារសាមគ្គី ទីរួមខេត្តកំពត ក្នុងសង្កាត់កំពង់បាយ ក្រុងកំពត នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ លោក ម៉ៅ ធនិន ក៏បានផ្តល់ថវិកា មួយចំនួមដល់លោកតា លោកយាយ ។ ក្នុងនោះ បានណែនាំដល់អ្នកទទួលម៉ៅការភាស៊ីទាំងអស់ មិនត្រូវយកភាស៊ីលើសការកំណត់ ដែលមានចែងនៅក្នុងសៀវភៅបន្ទុក ជាពិសេសមិនត្រូវយក ភាស៊ីពីជនចាស់ជរា ដែលមានអាយុចាប់ពី ៦០ឡើង ឬក្មេងៗតូចៗ ដែលលក់បន្លែបង្កា ត្រីបន្តិចបន្តួចនោះឡើយ ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានទទួលយកសូមណូមពរមួយចំនួន របស់អាជីវករ ដើម្បីដោះស្រាយជូនពួកគាត់ផងដែរ ៕
