ភ្នំពេញ ៖ ក្នុងខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុករបស់ សម្ដេចក្រឡាហោម ស ខេង បានឆ្លើយតប និងដោះស្រាយ ចំនួន៣៦គណនី។
តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ សម្ដេច ស ខេង បានឲ្យដឹងថា នៅក្នុងខែកញ្ញា ឆ្នាំ២០២១ក្រុមការងារតាមដាន បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ចំនួន៦៩គណនី។
សម្ដេច បានបញ្ជាក់ថា «ក្នុងចំណោមនោះ ក្រុមការងារបានឆ្លើយតបទៅម្ចាស់គណនី និងដោះស្រាយចំនួន៣៦គណនី។ ក្រៅពីនេះករណីផ្សេងទៀតក្នុងខែកញ្ញា និងសេសសល់ពីខែមុនៗ កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ ខណៈសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថាខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ»។
ជាងនេះទៅទៀត សម្ដេច ស ខេង រៀបរាប់ថា វឌ្ឍនភាពការងារនេះ អាចសម្រេចបានដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងមហាផ្ទៃ ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់សម្ដេច នៅពេលប្រឈមមុខនឹងបញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩ក៏ដោយ។
សម្ដេច មានប្រសាសន៍ថា «ខ្ញុំសូមថ្លែងអំណរគុណបងប្អូនជនរួមជាតិ ដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបខ្ញុំតាមរយៈទំព័រហ្វេសប៊ុកដើម្បីយើងរួមគ្នាដោះស្រាយនូវបញ្ហានានាក្រៅប្រព័ន្ធតុលាការ ដែលអាចនឹងជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងការរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង»។
សម្ដេច ក៏បានស្នើសុំការយល់យោគអធ្យាស្រ័យពីជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី៕