Covid-19

កូវីដ១៩៖ ប្រមុខការពារជាតិ អំពាវនាវ ឱ្យពលរដ្ឋ បន្តយកចិត្តទុកដាក់បង្កើតឲ្យមាន “ភាពស៊ាំសហគមន៍ រឹងមាំពិតប្រាកដមួយ”

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់ អនុវត្តវិធានការ “៣កុំ ៣ការពារ” ដើម្បីបង្កើតឲ្យមាន “ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកមួយ” យកឈ្នះសមរភូមិប្រយុទ្ធនឹង ជំងឺកូវីដ-១៩នេះ។

នៅលើគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំសូមសម្តែងការកោតសរសើរ ចំពោះក្រុមប្រតិបត្តិយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបានអនុវត្តភារកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងតាមខេត្តនានា សម្រេចលទ្ធផលគួរជាទីមោទនៈ តាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល»។

សម្ដេច ទៀ បាញ់ បញ្ជាក់ថា «សូមបន្តយកចិត្តទុកដាក់ អនុវត្តវិធានការ “៣កុំ ៣ការពារ” ដើម្បីបង្កើតឲ្យមាន “ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកមួយ” យកឈ្នះសមរភូមិប្រយុទ្ធនឹង ជំងឺកូវីដ-១៩នេះ »។

សូមបញ្ចាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១១៧ ០៣៥នាក់ អ្នកជាសះស្បើយចំនួន ១១១ ៤២០នាក់ និងអ្នកស្លាប់ចំនួន ២ ៦៨១នាក់។

ដោយឡែក គិតត្រឹមយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៣,៦២២,៩៧៧នាក់៕

To Top