ព័ត៌មានជាតិ

កម្ពុជា សង្ឃឹមថា គោលការណ៍ និងជំហរ របស់ប្រទេសអភិវឌ្ឍន៍តិចតួច នឹងទទួលបាននូវលទ្ធផល ដែលមានសមតុល្យ និងផលប្រយោជន៍ជារួម

ភ្នំពេញ៖ លោក ប៉ាន់ សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដាក់ក្ដីសង្ឃឹមថា គោលការណ៍និងជំហរ របស់ប្រទេសអភិវឌ្ឍន៍តិចតួចនៅក្នុង សន្និសីទថ្នាក់រដ្ឋមន្ត្រី លើកទី១២ នឹងទទួលបាននូវលទ្ធផល ដែលមានសមតុល្យ និងផលប្រយោជន៍ជារួម ។

ការលើកឡើង របស់រដ្ឋមន្រ្តីពាណិជ្ជកម្ម កម្ពុជា បែបនេះធ្វើឡើងក្នុងឱកាសលោក បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី ប្រទេសអភិវឌ្ឍន៍តិចតួច នៅអង្គការពាណិជ្ជកម្មពិភពលោក តាមប្រព័ន្ធអនឡាញ ដើម្បីពិនិត្យ និងអនុម័ត លើសេចក្ដីប្រកាស នៃប្រទេសអភិវឌ្ឍន៍តិចតួច សម្រាប់ដាក់ជូនសន្និសីទ ថ្នាក់រដ្ឋមន្ត្រីលើកទី១២ នៃអង្គការពាណិជ្ជកម្មពិភពលោក ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១។

លោក ប៉ាន សូរស័ក្ដិ បានជម្រាបជូនអំពីគោលការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ក្រោមក្របខណ្ឌអង្គការ ពាណិជ្ជកម្មពិភពលោក ដោយកម្ពុជាបានទទួល នូវផលប្រយោជន៍ជាច្រើន តាមរយៈប្រព្រឹត្តកម្មពិសេស និងដោយឡែក ក្រោមប្រព័ន្ធពាណិជ្ជកម្ម ពហុភាគីនេះ។ សេចក្ដីប្រកាស នៃរដ្ឋមន្ត្រីប្រទេសអភិវឌ្ឍន៍តិចតួច បានដាក់ចេញនូវគោលការណ៍ និងជំហររបស់ប្រទេសអភិវឌ្ឍន៍តិចតួច ជូនសមាជិកអង្គការ ពាណិជ្ជកម្មពិភពលោក ទាំងអស់ ពិនិត្យនិងសម្រេចលើការចរចា ទៅលើប្រធានបទអាទិភាព របស់ប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីលើកកម្ពស់ការនាំចេញ របស់ប្រទេសអភិវឌ្ឍន៍តិចតួច ទៅក្នុងទីផ្សារពិភពលោក។

លោករដ្ឋមន្ត្រី បានលើកឡើងផងដែរថា លោក សង្ឃឹមថា «គោលការណ៍ និងជំហររបស់ប្រទេស អភិវឌ្ឍន៍តិចតួច ដែលបានដាក់ចេញ នៅក្នុងសេចក្ដីប្រកាសនេះ នឹងត្រូវបានសមាជិកដទៃទៀត យកទៅពិចារណាយ៉ាងល្អិតល្អន់ ដើម្បីទទួលបាននូវលទ្ធផល ដែលមានសមតុល្យ និងផលប្រយោជន៍ជារួម សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច និងសម្រាប់សមាជិកដទៃទៀត ក៏ដូចជាអង្គការ ពាណិជ្ជកម្មពិភពលោក ផងដែរ»។

សូមជម្រាបជូនថា សេចក្ដីប្រកាសនៃរដ្ឋមន្ត្រីប្រទេស អភិវឌ្ឍន៍តិចតួច នៅអង្គការពាណិជ្ជកម្មពិភពលោក បានដាក់ចេញនូវគោលការណ៍ និងជំហរលើប្រធានបទ ដូចជា វិធានដើមកំណើតទំនិញ ការលើកលែងសេវា សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ទីផ្សារមិនជាប់កូតា និងមិនជាប់ពន្ធគយ សេចក្ដីសម្រេចលើការចាកចេញ ពីប្រទេសអភិវឌ្ឍតិចតួច ការចូលជាសមាជិកអង្គការ ពាណិជ្ជកម្មពិភពលោក ការឆ្លើយតបទៅនឹងការរីករាលដាល ជាសកលនៃជំងឺកូវីដ១៩ ឧបត្ថម្ភធនក្នុងវិស័យជលផល ការចរចាលើកសិកម្ម ប្រព្រឹត្តកម្មពិសេសនិងដោយឡែក កំណែទម្រង់អង្គឧទ្ធរណ៍ នៃអង្គការពាណិជ្ជកម្មពិភពលោក ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កិច្ចព្រមព្រៀងស្តីពីទិដ្ឋភាព ទាក់ទងនឹងពាណិជ្ជកម្ម នៃកម្មសិទ្ធិបញ្ញា កិច្ចព្រមព្រៀង ស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម កម្មវិធីក្របខណ្ឌពង្រឹង សមាហរណកម្ម និងជំនួយសម្រាប់ពាណិជ្ជកម្ម៕

To Top