ព័ត៌មានជាតិ

លោក មាស សោភ័ណ្ឌ ៖ របាយការណ៍ខេមបូចា មិនឆ្លុះបញ្ចាំងគ្រប់ជ្រុងជ្រោយ និងធ្វើឲ្យភ័នច្រឡំ ខណៈមិនចូលរួមផ្តល់ព័ត៌មានលំអិត (Video)

ភ្នំពេញ ៖ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា នៅថ្ងៃ១៩ តុលា បានចេញផ្សាយរបាយការណ៍របស់ខ្លួនក្នុងរយៈពេល៣ខែចុងក្រោយនេះថា សមត្ថកិច្ចបានរំលោភសិទ្ធិអ្នកសារព័ត៌មាន ក្នុង ពេលចុះយកព័ត៌មាន ទាក់ជំលោះបញ្ហាដីធ្លី ប៉ុន្តែអ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សោភ័ណ្ឌបាន ឆ្លើយតបថា របាយការណ៍មិនបានឆ្លុះបញ្ចាំងគ្រប់ជ្រុងជ្រោយ និងជាពិសេសធ្វើឲ្យ ភ័នច្រឡំ ដល់សាធារណៈមតិ មកលើស្ថាប័នមានសមត្ថកិច្ច ។

តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២០ តុលា លោក មាស សោភ័ណ្ឌ បានប្រាប់ថា ក្រោយឃើញរបាយការណ៍ខេមបូចាហើយ សង្កេតឃើញច្រើនចំណុចទំលាក់កំហុសមកស្ថាប័នមានសមត្ថកិច្ច ចំពោះការអនុវត្តលើអ្នកប្រព្រឹត្តខុស ។ លោកបានហៅរបាយការណ៍នេះ មិនមានភាពស្មោះត្រង់ និងមានចេតនាចោទប្រកាន់មកលើស្ថាប័នមានសមត្ថកិច្ចដែលកំពុងអនុវត្តន៍ច្បាប់ ។

លោកថា សមាគមនេះ តែងតែជំទាស់រាល់សេចក្តីសម្រេច នានា របស់ស្ថាប័នសាធារណៈ ឬសមត្ថកិច្ច និងមិនដែលទទួលយកបញ្ជាក់ ឬពន្យល់បកស្រាយឡើយ ។

អ្នកនាំពាក្យសង្កត់ធ្ងន់ថា “សមាគមនេះ តែងតែចេញរបាយការណ៍ ឬសេចក្តីថ្លែងការណ៍ ចោទប្រកាន់មកលើស្ថាប័ន មានសមត្ថកិច្ចដែលអនុវត្តន៍ តួនាទីភារកិច្ចទៅតាមច្បាប់នឹងថា ស្ថាប័នមានសមត្ថកិច្ច រំលោភបំពានសិទ្ធិសេរីភាពអ្នកសារព័ត៌មាន ឬគំរាមកំហែងបំភិតបំភ័យសិទ្ធិសេរីភាព អ្នកសារព័ត៌មានទៅវិញ” ។

បន្ថែមពីលើនេះទៀត លោកមាស សោភ័ណ្ឌថា “ខ្ញុំយល់ឃើញថា ការកត់ត្រាទិន្នន័យករណី អ្នកសារព័ត៌មានដែលត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ ចំពោះអំពើដែលពួកគេប្រព្រឹត្ត ហើយថា បំពានលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ខ្ញុំគិតថា វាជាការកត់ត្រាដែលមិនបានឆ្លុះបញ្ចាំងឲ្យបានគ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវទាល់តែសោះ ទៅតាមអង្គហេតុ និងអង្គច្បាប់ នៃករណីនីមួយៗ ។ អាចនិយាយបានថា របាយការណ៍នេះ មានបំណងបំភ័នសាធារណៈមតិ ឲ្យយល់ច្រឡំទៅលើការអនុវត្តច្បាប់ របស់ស្ថាប័នមានសមត្ថកិច្ច” ។

លោករៀបរាប់បន្តថា កន្លងមក ខេមបូចាក៏បានចោទប្រកាន់សមត្ថកិច្ចបានគំរាមកំហែង លើអ្នកព័ត៌មាន ដូចជា ឲ្យលុបរូបពីក្នុងម៉ាស៊ីនថត ដកកាតព័ត៌មាន និងជិះម៉ូតូដេញជាដើម ពាក់ព័ន្ធការចុះយកព័ត៌មានបញ្ហាដីធ្លី ប៉ុន្តែរាល់ចោទនេះ ត្រូវបានក្រសួងព័ត៌មាន និងក្រសួងពាក់ព័ន្ធហៅទៅផ្តល់ព័ត៌មានលំអិតបន្ថែម តែពួកគេគេចវេសមិនដែលចូលបំភ្លឺឡើយ ។ ចំណុចនេះ លោកបានដាក់ជាសំណួរថា តើពួកគេជាជនរងគ្រោះពិតប្រាកដ ឬគ្រាន់តែជាការសំដែងតាមខ្សែញាក់របស់អ្នកផ្តល់មូលនិធិ?

សូមបញ្ជាក់ថា កាលពីថ្ងៃ១៩ តុលា ខេមបូចាបានចេញផ្សាយរបាយការណ៍ ឃ្លាំមើលប្រចាំត្រីមាសជាលើកដំបូងរបស់ខ្លួន ស្តីពី ស្ថានភាព អ្នកសារព័ត៌មាននៅកម្ពុជា ។ របាយការណ៍ប្រចាំត្រីមាសនេះ មានបញ្ចូលការដកស្រង់សង្ខេបនៃករណីទាក់ទងនឹងសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិរបស់អ្នកសារព័ត៌មាន ចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១ ។

របាយការណ៍បន្តថា ការវិវឌ្ឍមួយក្នុងចំណោម ការវិវឌ្ឍដ៏គួរឲ្យកត់សម្គាល់បំផុត ដែលបានឃ្លាំមើលនៅក្នុងត្រីមាសនេះ គឺសេចក្តីជូនដំណឹងថ្មី របស់ក្រសួងព័ត៌មានដែលអនុញ្ញាត ឲ្យអាជ្ញាធរចោទប្រកាន់ អ្នកសារព័ត៌មាន ចំពោះការរំខានដល់ការងាររបស់ពួកគេ ។ មន្រ្តីមូលដ្ឋាន នៅតាមទីតាំងផ្សេងៗគ្នា បានប្រើប្រាស់សេចក្តីជូនដំណឹងនេះ ដើម្បីផ្តល់ភាពត្រឹមត្រូវ លើការបណ្តេញអ្នកសារព័ត៌មាន ដែលព្យាយាមរាយការណ៍អំពីជម្លោះដីធ្លី ឬការបណ្តេញចេញ ដោយមានទាំងការគំរាមចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើអ្នកសារព័ត៌មានខកខានមិនបានចាកចេញ ហើយក្នុងករណីខ្លះមានការចោទប្រកាន់ពីបទព្រហ្មទណ្ឌផងដែរ ។

ក្នុងនោះ ខេមបូចាបានសង្កេតឃើញថា មានករណីចំនួន៩ ទាក់ទងនឹងការរំលោភសិទ្ធិបញ្ចេញមតិដោយសេរីរបស់អ្នកសារព័ត៌មាន ។ ករណីភាគច្រើន គឺការយាយីមកលើអ្នកសារព័ត៌មានដែលរាយការណ៍អំពីជម្លោះដីធ្លី រួមទាំងករណីដ៏ចម្រូងចម្រាសនៃគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីនៅខេត្តកណ្តាលដែលក្នុងនោះ មានអ្នកសារព័ត៌មាន៨នាក់ត្រូវបានយាយី និងម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៕

To Top