ព័ត៌មានជាតិ

វិទ្យាស្ថានតេជោ សែន និង សាលាភូមិន្ទរដ្ឋបាល ចុះ MOU លើគោលការណ៍៥ចំណុច

ភ្នំពេញ ៖ លោកស្រី ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន និងលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញចូល ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅទីស្ដីការក្រសួង ។

ពិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា នាឱកាសនេះ ភាគីទាំងពីរ បានឯកភាពគ្នាលើគោលការណ៍ ដូចជា៖ ទី១-ផ្លាស់ប្តូរសិស្ស និស្សិត កម្មសិក្សាការី មន្រ្តី សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ និងបុគ្គលិក ,ទី២-អនុវត្តគម្រោងសហប្រតិបត្តិការ ស្រាវជ្រាវរួមគ្នា ,ទី៣-ការចូលរួម និងរៀបចំសន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍នានា ,ទី៤-ផ្លាស់ប្តូរព័ត៌មាន និងសម្ភារបរិក្ខារផ្នែកសិក្សាអប់រំផ្សេងៗ សហការបណ្តុះបណ្តាលរួមគ្នា និងទី៥-លើកកម្ពស់កិច្ចសហប្រតិបត្តិការសិក្សាអប់រំផ្សេងទៀតតាមការឯកភាពគ្នា។

លោក ហឿន សំនៀង នាយកវិទ្យាស្ថាន និង ជាតំណាងភាគីហត្ថលេខី នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានរាយការណ៍ដោយសង្ខេប ជូនអង្គពិធីឲ្យជ្រាប ពីដំណើរ ការរបស់វិទ្យាស្ថាន ដែលត្រូវបានបង្កើតឡើង ក្នុងគោលបំណងបណ្តុះបណ្តាល កូនខ្មែរឲ្យមានជំនាញ ច្បាស់លាស់ ចំណេះដឹងទូលំទូលាយ និងមានសីលធម៌ អត្តចរិក ចរិយា សម្បតិ្តត្រឹមត្រូវ ដើម្បីដោះស្រាយវិបត្តិកង្វះ អ្នកជំនាញបច្ចេកទេស នាពេលបច្ចុប្បន្នផង និងបង្កើតឲ្យមានអ្នកបន្តវេន របស់កម្ពុជា ដ៏មានសក្តានុពល និងស្មារតីទទួលខុសត្រូវ លើវិស័យសាធារណការ និងដឹកជញ្ជូន នាពេលអនាគត រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ។

ដោយឡែកលោក យក់ ប៊ុនណា បានលើកឡើងពីប្រវត្តិខ្លះៗ របស់សាលាភូមិន្ទរដ្ឋបាល ដូចជា ការបណ្ដុះបណ្តាល សិស្សមន្ត្រីក្រមការ និងសិស្សមន្ត្រីជាន់ខ្ពស់ ក៏ដូចជាមន្ត្រីថ្មី ដែលបានជ្រើសរើស នៅតាមក្រសួងស្ថាប័ន ដើម្បីបម្រើការងារ ក្នុង វិស័យរដ្ឋបាល ។ ទន្ទឹមនឹងនេះ សាលាភូមិន្ទរដ្ឋបាល ក៏កំពុងបន្តការស្រាវជ្រាវ និងចងក្រងករណីសិក្សា ដើម្បីចែករំលែកចំណេះដឹង នៅក្នុងវិស័យសាធារណៈ និងបាន ចុះកិច្ចព្រមព្រៀងជាដៃគូ ជាមួយមជ្ឈមណ្ឌល អូស្ត្រាលី សម្រាប់ការបណ្តុះបណ្តាល នៅក្នុង ក្របខណ្ឌផ្តល់ អាហារូបករណ៍បណ្តុះបណ្តាលភាសា អង់គ្លេស សម្រាប់មន្ត្រីរាជការ។

ឆ្លៀតឱកាសនោះ លោកស្រី ឥម នីថារ៉ា បានថ្លែងថា កិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការគាំទ្រគ្នា ទៅវិញទៅមករវាងគូភាគី ពាក់ព័ន្ធនឹងការសិក្សាអប់រំ ស្រាវជ្រាវ ព្រមទាំងគម្រោងកម្មវិធីផ្សេងៗ ដោយផ្អែកលើគោលការណ៍ពិគ្រោះយោបល់ ឯកភាព សមភាព យុត្តិធម៌ និងផ្ដល់អត្ថប្រយោជន៍ ដល់គូភាគីទៅវិញទៅមក ៕

To Top