ព័ត៌មានជាតិ

លោក សយ សុភាព៖ ក្នុងក្របខណ្ឌប្រទេសមេគង្គ-ឡានឆាង សសកច ដើរតួនាទីយ៉ាងសំខាន់ ផ្សព្វផ្សាយព័ត៌មាន ដល់មហាជននៅកម្ពុជា (Video)

ភ្នំពេញ ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន (សសកច) បានបង្ហាញថា ក្នុងក្របខណ្ឌប្រទេសមេគង្គ-ឡានឆាង សសកច បានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការផ្សព្វផ្សាយព័ត៌មាន ទៅដល់មហាជននៅកម្ពុជា ជាពិសេស ក្លាយជាស្ថាប័នមួយ ក្នុងការបណ្ដុះបណ្ដាល ឬពង្រឹងសមត្ថភាព ដល់អ្នកសារព័ត៌មាន ផងដែរ។

ក្នុងសិក្ខាសាលាកម្រិតខ្ពស់ ប្រព័ន្ធផ្សព្វផ្សាយប្រទេសមេគង្គ-ឡានឆាង (កម្ពុជា) នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោក សយ សុភាព បានបញ្ជាក់ថា «យើងអាចនិយាយបានថា នៅក្នុងក្របខណ្ឌប្រទេសមេគង្គ-ឡានឆាង សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន គឺបានដើរតួនាទីមួយ នៅក្នុងកិច្ចការផ្សព្វផ្សាយព័ត៌មាន ទៅដល់មហាជននៅក្នុងប្រទេសកម្ពុជា ហើយក៏បានក្លាយជាស្ថាប័នមួយ នៅក្នុងការបណ្ដុះបណ្ដាល ឬក៏ពង្រឹងសមត្ថភាព ដល់អ្នកសារព័ត៌មាន នៅប្រទេសកម្ពុជារបស់យើង ឲ្យបានយល់បន្ថែមអំពីកាលានុវត្តភាព និងបញ្ហាប្រឈម ក៏ដូចជាឱកាសសម្រាប់ ការផ្សព្វផ្សាយព័ត៌មាន»។

លោកបន្ដថា ក្នុងរយៈកាលពីរឆ្នាំកន្លងទៅ អ្នកសារព័ត៌មានកម្ពុជា បានដើរតួនាទីជាស្នូល និងដ៏សំខាន់ ក៏បានរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយព័ត៌មាន ស្ដីពីជំងឺកូវីដ១៩ ក៏ដូចជា ហានិភ័យ និងបញ្ហាប្រឈមនានាដែល បណ្ដាលមកពីជំងឺដ៏កាចសាហាវមួយនេះ យ៉ាងសស្រាក់សស្រាំ និងគួរជាទីគោរព កោតសរសើរ ។

ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន (សសកច) រូបនេះ ក៏បានថ្លែងអំណរគុណ ដល់ដៃគូសហការ គឺមូលនិធិអភិវឌ្ឍន៍ និងសន្តិភាព នៃប្រទេសចិន ដែលបានផ្ដើមគំនិតសហការជាមួយ សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន រៀបចំសិក្ខាសាលារយៈពេល៣ ថ្ងៃនេះឡើង។ ប្រធានសមាគម បានសង្ឃឹមយ៉ាងមុតមាំថា នឹងមានសិក្ខាសាលាបែបនេះ ផ្សេងៗទៅថ្ងៃមុខទៀត ៕

ដោយ៖ អេង ប៊ូឆេង

To Top