ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ ស្នើក្រុមហ៊ុនអាមេរិក ចូលរួមដេញថ្លៃ វិនិយោគ លើគម្រោងសាងសង់ ហេដ្ឋារចនា សម្ព័ន្ធនៅកម្ពុជា

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើក្រុមហ៊ុន អាមេរិក ចូលរួមដេញថ្លៃវិនិយោគ លើគម្រោងសាងសង់ហេដ្ឋា រចនាសម្ព័ន្ធនៅកម្ពុជា ព្រោះមិនទាន់មានក្រុមហ៊ុនអាមេរិក ចូលរួមដេញថ្លៃ គម្រោងសាងសង់ឡើយ។

ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមប្រឹក្សា ធុរកិច្ចអាស៊ាន-អាមេរិក ដឹក នាំដោយ លោក Ted Oslus ប្រធានក្រុមប្រឹក្សា ធុរកិច្ច អាស៊ាន-អាមេរិក នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោក ស៊ុន ចាន់ថុល បានលើកឡើងអំពីវឌ្ឍនភាព ការងារ និងគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសគម្រោងសាងសង់ និងពង្រីកផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) ពីពីរគន្លងទៅបួនគន្លង និងគម្រោងសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គ (ក្រចេះ) គម្រោងសាងសង់ផ្លូវ ល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដែលគ្រោងនឹង បញ្ចប់នៅខែធ្នូ ឆ្នាំ២០២២ គម្រោងសាងសង់ផ្លូវ ល្បឿនលឿនភ្នំពេញ-បាវិត (ព្រំដែនកម្ពុជា-វៀតណាម) គម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៤ ខ្សែនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងគម្រោងសាងសង់ផ្លូវ៣៨ ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដែលគ្រោង នឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១ ដើម្បីទាក់ទាញភ្ញៀវទេសចរ នៅពេលកម្ពុជា បើកប្រទេសសារជាថ្មីឡើងវិញ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ។

លោក បានគូសបញ្ជាក់ ពីសារៈសំខាន់ នៃការចូលរួមវិស័យឯកជន នៅក្នុងការអភិវឌ្ឍ នូវហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសេដ្ឋកិច្ចជាតិ និងជាក្បាលម៉ាស៊ីន នៃកំណើន សេដ្ឋកិច្ចកម្ពុជាដ៏សំខាន់ ។

លោក បានបញ្ជាក់ថា «ស្នើឲ្យក្រុមហ៊ុនអាមេរិក ចូលរួមដេញថ្លៃវិនិយោគលើគម្រោង សាងសង់ហេដ្ឋា រចនាសម្ព័ន្ធនៅកម្ពុជា ។ ដោយហេតុថាកន្លងមក មិនទាន់មានក្រុមហ៊ុន របស់អាមេរិក ណាមួយចូលរួម ដេញថ្លៃគម្រោងសាងសង់នៅឡើយទេ សូម្បីតែផ្លូវជាតិលេខ៤ ដែលអាមេរិក បានសាងសង់ កាលពីទសវត្សរ៍ឆ្នាំ៦០ ក៏ដោយ ។

បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្ត ឲ្យក្រុមហ៊ុនរបស់អាមេរិកចូលរួម ក៏ដូចជាដាក់ទុនវិនិយោគ នៅក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនា សម្ព័ន្ធកម្ពុជាឲ្យមានគុណភាពរឹងមាំ ។

នាឱកាសនោះ គណៈប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក បានថ្លែងអំណរ គុណ ចំពោះ លោកទេសរដ្ឋមន្ត្រី និងបានសន្យាបន្តពង្រឹង កិច្ចសហប្រតិបត្តិការវិស័យឯកជន រវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំថែមទៀត ៕

To Top