ភ្នំពេញ៖ បន្ទាប់ពីមានកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុជាអគ្គនាយក ប.ស.ស. ដើម្បីត្រួតពិនិត្យការងារសម្រេចបាន និងបញ្ហាប្រឈម ពីគ្រប់នាយកដ្ឋាន និងគ្រប់សាខា ប.ស.ស. ខេត្ត-ខណ្ឌទាំងអស់នៃ ប.ស.ស. កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ កន្លងទៅ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នេះ ដោយទទួលបានការអនុញ្ញាតពីសំណាក់ លោកអគ្គនាយក ប.ស.ស. លោក ម៉េង ហុង អគ្គនាយករង ប.ស.ស. បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទៅលើលទ្ធផលការងារ សម្រេចបានប្រចាំខែ ក៏ដូចជាបញ្ហាប្រឈមនានា និងទិសដៅការងារបន្តរបស់នាយកដ្ឋានសេវាមូលដ្ឋាន សុខាភិបាល តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)។
លោក អគ្គនាយករងបានថ្លែងថា៖ នាយកដ្ឋានសេវាមូលដ្ឋានសុខាភិបាលមួយនេះ មានតួនាទីសំខាន់ណាស់ ក្នុងការផ្តល់សេវាឱ្យបានទាន់ពេលវេលា ទៅកាន់សមាជិក ប.ស.ស. ពាក់ព័ន្ធទៅនឹងការទៅប្រើប្រាស់ និងទទួលសេវានៅតាមមូលដ្ឋានសុខាភិបាល ដែលជាដៃគូ ក៏ដូចជាការងារកិច្ចសហការជាមួយ គ្រប់មូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ផងដែរ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក នៃនាយកដ្ឋានសេវាសុខាភិបាល កន្លងមកបានពុះពាររាល់ការលំបាក ក្នុងការបំពេញការងារបម្រើស្ថាប័ន ក៏ដូចជាសមាជិក ប.ស.ស. រហូតសម្រេចបាន លទ្ធផលល្អគួរឱ្យកត់សម្គាល់ ឆ្លើយតបទៅនឹង គោលនយោបាយជាតិគាំពារសង្គម ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុត នៃកម្ពុជា។
លោកអគ្គនាយករង បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង បំពេញការងារពីថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក របស់នាយកដ្ឋានសេវាមូលដ្ឋានសុខាភិបាល ដែលរយៈពេលកន្លងមកនេះ បានបង្ហាញនូវលទ្ធផលល្អ គួរជាទីគាប់ប្រសើរ បើទោះបីជាជួបការលំបាកខ្លះៗ ក្នុងបរិបទកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ យ៉ាងណាក៏ដោយ។
លោកអគ្គនាយករង បានបន្តជំរុញលើកទឹកចិត្ត និងបានពាំនាំនូវអនុសាសន៍ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ដោយសង្កត់ធ្ងន់ថា៖ ក្នុងនាមជាអ្នកបម្រើសេវា ជូនសមាជិករបស់ខ្លួន ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ល្អ និងខិតខំបន្ថែមទៀតទៅលើការងារ ដែលសម្រេចបាន ធ្វើយ៉ាងណាឱ្យការអនុវត្តការងារ កាន់តែមានប្រសិទ្ធភាព ទទួលបានលទ្ធផលខ្ពស់ និងត្រូវគោរពអនុវត្ត នូវវិធានសុខាភិបាល ក្រោមការដាក់ចេញ ពីសំណាក់ប្រមុខដឹកនាំ នៃរដ្ឋាភិបាលកម្ពុជា ពិសេសត្រូវអនុវត្តនូវវិធាន ៣ការពារ និង ៣កុំ ឱ្យបានជាប់ជានិច្ច ក្នុងន័យរួមចំណែកទប់ស្កាត់ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំធំនៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកនៃនាយកដ្ឋានសេវាមូលដ្ឋានសុខាភិបាល សរុបប្រមាណជាង ៣០០នាក់ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)៕