ភ្នំពេញ៖ ត្រីរាជស្ថិតក្នុងចំណោមត្រីធំៗ បំផុតទាំង៣ប្រភេទនៅកម្ពុជា ។ ត្រីរាជជាប្រភេទត្រីទឹកសាប ដែលធំបំផុតមួយ ហើយគេសន្មតថា ត្រីនេះធំជាងត្រីបបែលយក្ស និងត្រីគល់រាំងទៅទៀត។ ត្រីរាជអាចមានប្រវែង រហូតដល់៣ម៉ែត្រ និងមានទម្ងន់ប្រមាណ ៣០០គីឡូក្រាមនោះ អាចនឹងឈានទៅរក ការផុតពូជដោយសារ កំពុងរងការគំរាមកំហែងយ៉ាងខ្លាំង។ នេះបើតាមហ្វេសប៊ុករបស់លោក នេត ភត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន នាថ្ងៃ២១ តុលា ។
លោក នេត ភត្រា ឲ្យដឹងបន្តថា ត្រីរាជស្ថិតក្នុងក្រុមត្រី ដែលពុំមានស្រកី មានស្បែករលោង ពុកមាត់ខ្លី២គូ ព្រុយខ្នងច្បាស់ និងមានទ្រនុងរឹងចំនួន៧ ព្រុយខ្លាញ់តូច ព្រុយគូថវែង មិនជាប់ជាមួយកន្ទុយ និងមានមាត់នៅនៅខាងក្រោម។
លោកថា “ត្រីរាជស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់កំពុងរង ការគំរាមកំហែងយ៉ាងខ្លាំង ឈានទៅរកការផុតពូជ (Critical Endangered) របស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ IUCN ហើយត្រីនេះ ត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ១ របស់អនុសញ្ញាសាយតេស (CITES) ផងដែរ ដែលហាមដាច់ខាត ការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូនផ្សេងៗ” ។
លោកបន្តថា ត្រីរាជត្រូវបានហាមឃាត់ការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូន តាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ តាមរយៈក្រមនេសាទ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៥៦ និងបច្ចុប្បន្នតាមរយៈអនុក្រឹត្យ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្តីពីប្រភេទធនធានជលផល ដែលកំពុងរងគ្រោះថ្នាក់នៅកម្ពុជា (ទឹកសាប) ។
គិតមកទល់ពេលនេះ ក្នុងចំណោមត្រីធំៗបំផុត ទាំង៣ប្រភេទ ៖ទី១- ត្រីបបែលយក្ស , ទី២- ត្រីរាជ និងទី៣- ត្រីគល់រាំង គឺត្រីរាជ ជាប្រភេទត្រីគ្មានស្រកាទឹកសាបដ៏ធំបំផុត។ វាចូលចិត្តរស់នៅតាមទន្លេសាប បឹងទន្លេសាប និងតំបន់មេគង្គលើ ជាពិសេសតាមអន្លង់នៅក្នុង ទន្លេមេគង្គនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ហើយជាប្រភេទត្រី ធ្វើចរាចររយៈចម្ងាយឆ្ងាយ។
ត្រីរាជតែងតែត្រូវចាប់បានជារឿយៗ នៅតាមគន្លងដាយត្រីនៅទន្លេសាប ហើយការចាប់បាននេះ គឺនៅពេលដែលវាធ្វើចរាចរចេញពីបឹងទន្លេសាប នៅខែតុលា ទៅរកកន្លែងពងកូន និងលាក់ខ្លួននៅតាមអន្លង់ជ្រៅៗ តាមដងទន្លេមេគង្គលើ។ ត្រីរាជពេញវ័យ អាចបន្តពូជបាន នៅពេលមានអាយុចាប់ពី៦ ទៅ៨ឆ្នាំ ហើយពួកវាពងកូនចាប់ពីខែមិថុនា ទៅដល់ខែកក្កដា នៅបឹងទន្លេសាប ហើយកូនត្រីរាជពេលកើតដំបូងមានប្រវែង ១២ ទៅ ១៥សង់ទីម៉ែត្រ។
ត្រីរាជនេះអាចរស់បានរហូតដល់អាយុ៦០ឆ្នាំ ហើយជាប្រភេទត្រីដែលធំលូតលាស់លឿនបំផុត គឺក្នុង១ឆ្នាំ អាចឡើងទម្ងន់ជាង ១០គីឡូក្រាម។ ត្រីរាជស៊ីស្លែជាអាហារចម្បង ដោយឡែកសត្វល្អិតក្នុងទឹក គឺជាអាហារបន្ទាប់បន្សំ។ តាមរបាយការណ៍ ក្នុងរយៈពេល២០ ឆ្នាំចុងក្រោយនេះ គេបានប្រទះឃើញត្រីរាជមួយក្បាល ដែលមានទម្ងន់ជិត ៣០០គីឡូក្រាម និងមានប្រវែង ២,៧៤ម៉ែត្រ ដែលចូលដាយត្រី។ ត្រីរាជ នេះត្រូវបានបំពាក់ឧបករណ៍តាមដាន និងបានព្រលែងចូលទៅក្នុងទន្លេវិញ ៕