ភ្នំពញៈ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃទី៩ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានឆ្លៀតពេលដ៏មមាញឹក ចុះត្រួតពិនិត្យការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមសង្កាត់ចំនួន៣ រួមមាន៖ សង្កាត់រកាខ្ពស់ ឃុំព្រែកគយ និងសង្កាត់សិត្បូ ដែលជាការិយាល័យ ចុះឈ្មោះបោះឆ្នោត នៅខេត្តកណ្ដាល។

ការចុះពិនិត្យការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត របស់ប្រធាន គ.ជ.ប ធ្វើឡើង ក្នុងគោលបំណងស្វែងយល់ ពីស្ថានភាពជាក់ស្តែង ក៏ដូចជាបញ្ហាប្រឈមនានា ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ដែលក្រុមចុះឈ្មោះបោះឆ្នោត និងក្រុមប្រឹក្សាឃុំ សង្កាត់ បានជួបប្រទះ (ជាពិសេសប្រជាពលរដ្ឋ ដែលមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត)។
នាឱកាសនោះដែរ លោកប្រធាន គ.ជ.ប បានធ្វើការណែនាំដល់ក្រុមចុះឈ្មោះបោះឆ្នោត និ ង ក្រុមប្រឹក្សាឃុំសង្កាត់ថា កបឃ.ស និង ក.ច.ប ជាតំណាងរបស់ គ.ជ.ប ក្នុងការអនុវត្តការងារការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដូច្នេះត្រូវមានឆន្ទៈមោះមុត ក្នុងការអនុវត្តតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន និងអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ បទបញ្ជា នីតិវិធី និងលិខិតបទដ្ឋាន គតិយុត្តនានារបស់ គ.ជ.ប ធ្វើយ៉ាងណាឱ្យការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ នេះ ប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អ ធានាបាននូវបញ្ជីបោះឆ្នោត ដែលមានភាពត្រឹមត្រូវ ពេញលេញ និងមានបច្ចុប្បន្នភាព។

លោក ក៏បានសំណូមពរផងដែរថា ធ្វើយ៉ាងណាត្រូវធានាសុវត្ថិភាព ដល់ប្រជាពលរដ្ឋដែលអញ្ជើញ មកចុះឈ្មោះបោះឆ្នោតពី ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តនូវវិធានការនានា របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានដាក់ចេញ។
សូមជម្រាបជូនផងដែរថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានរយៈពេល ៥០ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានទីតាំងនៅតាម សាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ ទូទាំងប្រទេស។ គ.ជ.ប សង្ឃឹមថា ប្រជាពលរដ្ឋខ្មែរ ទាំងអស់ដែល បានបំពេញ លក្ខខណ្ឌគ្រប់គ្រាន់ សូម អញ្ជើញទៅពិនិត្យមើលឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ៕

