Covid-19

កម្ពុជា ទប់ស្កាត់ជំងឺកូវីដ-១៩ និងចាក់វ៉ាក់សាំងជូនប្រជាជន ដើម្បីស្ដារសេដ្ឋកិច្ច

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានប្រាប់ក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ានថា កម្ពុជា ទប់ស្កាត់ ជំងឺកូវីដ-១៩ និងចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋរបស់ខ្លួន និងជនបរទេស ជាកត្តាសំខាន់សម្រាប់ ការស្តារទ្បើងវិញនូវសេ ដ្ឋកិច្ចសង្គម។

ក្នុងជំនួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន (EU-ABC) តាមប្រព័ន្ធវីដេអូ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្តិ បានថ្លែងថា «កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋកម្ពុជា និងជនបរទេសគ្រប់រូប ដែលជាកត្តាសំខាន់សម្រាប់ការ ស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម រួមជាមួយការខិតខំធ្វើឱ្យ ប្រសើរទ្បើងនូវ បរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា» ។

នាឱកាសនោះ លោករដ្ឋមន្ដ្រី ក៏បានលើកឡើងដោយ សង្ខេបអំពីការងារអាទិភាព និងគំនិតផ្តួចផ្តើមនានា ដែលកម្ពុជាបានត្រៀមសម្រាប់ ឆ្នាំ២០២២ ធ្វើជាប្រធានអាស៊ាន ជាពិសេសផែនការអាស៊ាន ក្នុងដំណើរឆ្ពោះទៅរក សហគមន៍សេដ្ឋកិច្ចឌីជីថល។

លោក បានបន្ដកិច្ចពិភាក្សា ដោយផ្តោតលើការជំរុញបន្ថែម នូវកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម-សេដ្ឋកិច្ចកម្ពុជា-អឺរ៉ុប និងការចូលរួមរបស់វិស័យឯកជន ក្នុងស្តារទ្បើងវិញនូវខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងផលិតកម្មសកល តាមរយៈការពង្រឹង កិច្ចសម្រួលពាណិជ្ជកម្ម ពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) និងកម្មសិទ្ធិបញ្ញា ជាដើម។

ជាការឆ្លើយតប លោក Donald Kanak ជាប្រធាន និងនាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ច EU-ABC បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្រ្តី និងសហការីក្រសួងពាណិជ្ជកម្ម ដែលតែងតែបានយកចិត្តទុកដាក់គាំទ្រ និងសម្របសម្រួលដល់អ្នកវិនិយោគ និងសមាជិកក្រុមប្រឹក្សា EU-ABC នាពេលកន្លងមក។ សមាជិកក្រុមប្រឹក្សា EU-ABC បានប្តេជ្ញាជំរុញការវិនិយោគ និងកិច្ចសហប្រតិបត្តិការ ធុរកិច្ចបន្ថែមទៀត ជាពិសេសបានបង្ហាញពីការគាំទ្រ នៅពេលដែលកម្ពុជាទទួល ធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×