ភ្នំពេញ ៖ ថ្មីៗនេះ សមាគមធនាគារ នៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគម ធានារ៉ាប់រងកម្ពុជា បានរៀបចំសិក្ខា សាលាជាសាធារណៈរួមគ្នា លើកទី២ ស្តីពី «អត្ថប្រយោជន៍ នៃការប្រើប្រាស់ សេវាធានារ៉ាប់រង» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ពីតួនាទីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រង ដើម្បីចែករំលែកនូវបទពិសោធន៍ ព្រមទាំងការងារជាក់ស្តែង ទៅលើវិស័យធានារ៉ាប់រង ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។
នាឱកាសនោះ លោក ប៊ុន យិន អនុប្រធានសមាគម ធនាគារ នៅកម្ពុជា បានថ្លែងថា «សិក្ខាសាលានេះ ស្របទៅនឹងយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ ដែលជ្រុងមួយ នៃយុទ្ធសាស្រ្តជាតិ មានសកម្មភាពជាអាទិភាព ចំនួន២៣ចំណុច (ពីសកម្មភាពទី១៩ ដល់៤១) ក្នុងការបង្កើនការយល់ដឹងជាសាធារណៈ ទៅលើសេវាធានារ៉ាប់រង និងការការពារអតិថិជន»។
លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា ផ្អែកតាមបទពិសោធន៍ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុកន្លងមក មូលហេតុចម្បងៗ ដែលធ្វើឲ្យអតិថិជន ជួបប្រទះការក្ស័យធន និងវិបត្តិហិរញ្ញវត្ថុ គឺបណ្តាលមកពីបញ្ហាសុខភាព គ្រោះធម្មជាតិ ព្រមទាំងគ្រោះថ្នាក់ចៃដន្យផ្សេងៗ ។ សមាគមីក្រូហិរញ្ញវត្ថុ ជឿជាក់ថា បញ្ហាប្រឈមទាំងនេះ អាចនឹងត្រូវកាត់បន្ថយបានក្នុងកម្រិតអប្បបរមា ប្រសិនបើអតិថិជន ពិសេសអ្នកមានចំណូលទាប និងមធ្យម ប្រើប្រាស់សេវាធានារ៉ាប់រង សម្រាប់ការពារហានិភ័យទាំងនោះ។
លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានឲ្យដឹងថា «នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ រមែងប្រឈមនូវហានិភ័យផ្សេងៗ ដែលជាព្រឹត្តិការណ៍ឬគ្រោះអកុសលកើតឡើងដោយចៃដន្យ បង្កឲ្យមានការលំបាក ផ្នែកហិរញ្ញវត្ថុ ប៉ុន្តែហានិភ័យ ទាំងនោះអាចគ្រប់គ្រង បានតាមរយៈការផ្ទេរទៅក្រុមហ៊ុនធានារ៉ាប់រង»។
លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិ នៃកម្ពុជា បានគូសបញ្ជាក់ថា សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ ដើម្បីបង្កើនការយល់ដឹង ឲ្យកាន់តែទូលំទូលាយ របស់សាធារណជន និងអ្នកផ្តល់សេវាធានារ៉ាប់រង អំពីក្របខណ្ឌបទប្បញ្ញត្តិនិង ការត្រួតពិនិត្យវិស័យធានារ៉ាប់រង ផលប្រយោជន៍នៃការប្រើប្រាស់សេវានឹង ផលិតផលធានារ៉ាប់រង និងការរួមចំណែករបស់សេវាធានារ៉ាប់រង ក្នុងការលើក កម្ពស់កម្រិតបរិយាបន្នហិរញ្ញវត្ថុ។
លោក ប៊ូ ច័ន្ធភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានបញ្ជាក់ទៀតថា បើទោះបីជាវិបត្តិកូវីដ-១៩ នៅបន្តរាតត្បាតក្នុងសកលលោក ដែលធ្វើឲ្យប៉ះពាល់ដល់កំណើន សដ្ឋកិច្ចសកល និងសេដ្ឋកិច្ចប្រទេសកម្ពុជា ក៏ដោយ ក៏វិស័យធានារ៉ាប់រងកម្ពុជា នៅតែបន្តការរីកចម្រើន ដោយរក្សាកំណើនវិជ្ជមានប្រមាណ ៨ភាគរយ ក្នុងឆ្នាំ២០២០ និងព្យាករថា នឹងកើនឡើងប្រមាណ ១០ភាគរយក្នុងឆ្នាំ ២០២១៕