ភ្នំពេញ៖ ខុសពីមជ្ឈដ្ឋាន អ្នកនយោបាយ ប្រឆាំងមួយចំនួន លោក មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម បានលើកឡើងថា គុណតម្លៃ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនទាន់បាត់ពីខ្សែភ្នែក របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅឡើយទេ តាមរយៈការដាក់ឱ្យចរាចរ ក្រដាសប្រាក់ ៣ម៉ឺនរៀលថ្មី។
ក្នុងសន្និសីទស្ដីពី ខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នេះ លោក មាស នី បានមានប្រសាសន៍ថា« រាជរដ្ឋាភិបាលបង្ហាញពីចេតនា នៃការលើកតម្លៃពីកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស តាមរយៈការបោះពុម្ភក្រដាស់ប្រាក់ ៣ម៉ឺនរៀលថ្មី»។
អ្នកវិភាគសង្គមរូបនេះ បានបញ្ជាក់ថា «បើទោះបីជាមានការលើកឡើង ពីមហាជន ថាជាឱកាសឆ្លៀត កេងចំណេញ ខាងនយោបាយផ្សេងៗ អ្វីក៏ដោយ ប៉ុន្តែសម្រាប់ខ្ញុំយល់ថា វាជាសូចនាករមួយ ដែលបង្ហាញឱ្យឃើញថា គុណតម្លៃ នៃកិច្ចព្រមព្រៀងប៉ារីសនេះ ក៏មិនទាន់បាត់បង់ ចេញពីខ្សែភ្នែករបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ» ។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ ២០០អនក្រ.បក អនុញ្ញាតដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ ៣០០០០រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំ នៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ៕