ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០២១នេះ បានប្រកាសសាលក្រម ផ្តន្ទាទោស អតីមេញ្ជាការរងអាវុធហត្ថ ខេត្តតាកែវម្នាក់ និង ស្រីស្នេហ៍ ដាក់គុកក្នុងម្នាក់ៗ ពី២៣ទៅ ២៧ឆ្នាំ ជាប់ពាក់ព័ន្ធការជួញ ដូរគ្រឿងញៀនជិត២ គីឡូក្រាម ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងខែ មិថុនា ឆ្នាំ ២០២០ ។
លោក ធ្ធាំ ប៊ុណ្ណា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងអោយដឹងថា ជនជាប់ចោទទាំងពីរនាក់ខាងលើនេះ មានឈ្មោះ ឈុន សុមេធា ភេទ ប្រុស មានមុខរបរមុនចាប់ខ្លួន ជា នាយកការរិយាល័យប្រឆំាងគ្រឿងញៀន របស់កងរាជអាវុធហត្ថខេត្ត តាកែវ ។ ជនជាប់ចោទត្រូវបាន តុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ២៧ ឆ្នាំ ។
ចំណែកឯ ជនជាប់ចោទម្នាក់ទៀត ឈ្មោះ កេន ចាន់រី ភេទស្រី មុខរបរ មិនពិតប្រាដក ត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ២៣ ឆ្នាំ ។
លោកចៅក្រមបានបញ្ជាក់ថា ពួកគេទាំង២នាក់ ត្រូវបានតំណាងអយ្យការចោទ ប្រកាន់ពីបទ «ការរក្សាទុក និង ជួញដូរដោយខុសច្បាន់ នូវសារធាតុញៀន» តាមមាត្រា ៤០ នៃច្បាប់សី្តពីការត្រួតពិនិត្យគ្រឿងញៀន ។ និងត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃ ទី ៤ ខែ មិថុនា ឆ្នាំ ២០២០ ដោយកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន នៃ ក្រសួងមហាផ្ទៃ នៅចំណុចច្រមុះជ្រួក ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល រឹបអូសបានគ្រឿងញៀន ប្រភេទ មេតំហ្វេតាម៉ីន ចំនួនជិត ២ គីឡូក្រាម កាំភ្លើងខ្លីចំនួន ២ ដើម និង វត្ថុតាង ពាក់ព័ន្ធមួយ ចំនួនផ្សេងទៀត ពីពួកគេ៕
ដោយ រស្មី អាកាស