ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្នុងករណីមានការ ឆ្លងជំងឺកូវីដ១៩ នៅតាមសាលារៀន ផ្សារ រោងចក្រ និងនៅតាមទីផ្សេងទៀត គឺមិនតម្រូវឲ្យមានការបិទនោះទេ តែត្រូវយកអ្នកឆ្លងនោះ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
សម្តេចតេជោបន្តថា កាលណាបើបិទ ហើយមិនបើកជាទូទៅនូវកន្លែងទាំងនោះទេ ការស្លាប់ដោយសារសេដ្ឋកិច្ច ពិតជាពិបាកជាងស្លាប់ ដោយសារបញ្ហាកូវីដ ទៅទៀត ។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ឯកឧត្តម ហង់ ជួនណារុន បានប្រកាសហើយថា ចាប់ពីខែវិច្ឆិកា តទៅ គឺសាលាបើកជាទូទៅតែម្ដង បើយើងមិនបើកជាទូទៅទេ ហើយការស្លាប់ដោយសារសេដ្ឋកិច្ច គឺប្រហែលជាស្លាប់ ពិបាកជាងស្លាប់ដោយកូវីដ១៩ ទៅទៀត»។
សម្ដេចតេជោ បានបន្ដថា បច្ចុប្បន្នអ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជាមានការថយចុះ ប៉ុន្ដែប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្ដចូលរួមអនុវត្តវិធានការសុខាភិបាល បន្ថែមទៀត។
សម្តេចតេជោ បានបញ្ជាក់ថា ចាប់ពីពេលនេះទៅ នៅពេលមានការឆ្លងជំងឺកូវីដ១៩ នៅតាមសាលារៀន ផ្សារ រោងចក្រ និងកន្លែងផ្សេងៗ ទៀតទេមិនមានការបិទទេ។
សម្ដេចតេជោ បានបញ្ជាក់ទៀតថា «ក្នុងករណីមាន ការឆ្លងក្នុងសាលារៀន ផ្សារ រោងចក្រ និងកន្លែងផ្សេង ៗ ត្រូវយកអ្នកជំងឺ ដែលឆ្លងទៅព្យាបាល នៅមន្ទីរពេទ្យ»។
សូមរំលឹកថា គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១១៧.៣៥២នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន១១២.០៥៦នាក់ និងអ្នកស្លាប់ ចំនួន២.៧០៤នាក់៕