ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ឲ្យបញ្ឈប់ ការយកសំណាក អ្នកស្លាប់ដោយសារជំងឺ ឬមូលហេតុផ្សេង នៅតាមផ្ទះ និងមន្ទីរពេទ្យ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសឲ្យបញ្ឈប់ ការយកសំណាក លើសពដែលមិនមែន ជាអ្នកជំងឺកូវីដ១៩ ហើយស្លាប់ដោយសារជំងឺ ឬមូលហេតុផ្សេងៗ នៅតាមមន្ទីរពេទ្យ ឬផ្ទះ ។

តាមរយៈការថ្លែងសារផ្ញើ ជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពទូទៅនៅកម្ពុជា មុនដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២២ តុលានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការធ្វើតេស្តក៏ដូចគ្នាដែរ ពីមុនយើងបង្ខំ ឲ្យប្រជាជនធ្វើតេស្ត ព្រោះពេលនោះមិនទាន់ មានវ៉ាក់សាំង យើងត្រូវបិទភូមិ ដើម្បីធ្វើតេស្ត ស្វែងរកអ្នកពាក់ព័ន្ធ ជាមួយអ្នកវិជ្ជមានកូវីដ១៩ ។ ប៉ុន្តែឥឡូវនេះ យើងមិនចាំបាច់ធ្វើដូច្នេះទៀតទេ ដោយបុគ្គលណាម្នាក់ មានការសង្ស័យ ត្រូវម្ចាស់ការទៅរកពេទ្យ ធ្វើតេស្តដោយខ្លួនឯង ហើយបើតេស្តឃើញវិជ្ជមាន តែអាការៈធម្មតា គឺគ្រាន់តែជូនថ្នាំគាត់ ឲ្យត្រឡប់ទៅសម្រាកព្យាបាល នៅផ្ទះវិញ ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បញ្ជាក់ថា «ក្រសួងសុខាភិបាល បានប្រកាសកាលពីម្សិលហើយ យើងបញ្ឈប់យកសំណាក ទៅលើសាកសពដែលស្លាប់ នៅក្រៅមន្ទីរពេទ្យ ឬនៅក្នុងមន្ទីរ ពេទ្យ ប៉ុន្តែស្លាប់ នៅក្រៅក្របខណ្ឌកូវីដ ព្រោះបើមិនអញ្ចឹងទេ ស្លាប់នៅតាមផ្ទះ ក៏យើងទៅធ្វើតេស្ត ដល់ធ្វើតេស្តទៅចេញកូវីដ ទាំងអស់ អញ្ចឹងអ្នកស្លាប់ធន់ណា ក៏ស្លាប់ដោយសារកូវីដទាំងអស់» ។

សម្ដេចតេជោ បន្តថា «មនុស្សដើរកាត់ភ្លៀងតែបន្តិច ក៏ឧបករណ៍តេស្តរហ័ស ចេញរោគសញ្ញាកូវីដ ព្រោះឧបករណ៍តេស្តរហ័សនេះ គេធ្វើសម្រាប់រកកូវីដ ដល់អញ្ចឹងតេស្តទៅចេញតែកូវីដ សាកសពស្លាប់អាយុគាត់ ៩០ឆ្នាំហើយ នាំគ្នាទៅធ្វើតេស្តទៀត ដល់ចេញ លទ្ធផលមក កូវីដទៀត ចឹងត្រូវបែងចែក រវាងអ្នកស្លាប់ ដោយកូវីដពិតប្រាកដ និងអ្នកស្លាប់ដោយមូលហេតុផ្សេង តែតេស្តចុងក្រោយឃើញកូវីដ ឲ្យតែទៅតេស្ត១០០ ទាំង១០០ គឺឃើញកូវីដ» ។

សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ សរុបចំនួន ២ ៧១៥នាក់ហើយ ៕

To Top