ព័ត៌មានជាតិ

អង្គការ​ AHF ៖ មានតែការចាក់វ៉ាក់សាំងឱ្យបានទូទាំងសកលលោកទេ ទើបអាចជួយការពារអាយុជីវិតមនុស្សពីជំងឺកូវីដ១៩

ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានកម្មវិធីរបស់អង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍ប្រចាំកម្ពុជា (AHF) បានថ្លែងថា មានតែការចាក់វ៉ាក់សាំង ឱ្យបានទូទាំងសកលលោកទេ ទើបអាចជួយការពារអាយុជីវិតមនុស្សពីជំងឺកូវីដ១៩បាន តាមរយៈការជួយការពារកុំឱ្យឈឺធ្ងន់ធ្ងរ និងជួយឱ្យការព្យាបាលឆាប់ជាសះស្បើយ ផងដែរ។

លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង បានលើកឡើងដូចនេះនាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំការធ្វើយុទ្ធនាការអំពាវនាវដល់បណ្តាប្រទេស អ្នកមាននៅទូទាំងពិភពលោក( G20 ) បន្តផ្តល់ជាជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជួយដល់បណ្តាប្រទេសក្រីក្រីខណៈពេលបច្ចុប្បន្ននេះ នៅមិនទាន់ ទទួលបានវ៉ាក់សាំង ចាក់ជូនប្រជាពលរដ្ឋបានច្រើននៅឡើយទេ។ដូច្នេះហើយយុទ្ធនាការ VOW ជម្រុញឱ្យបណ្ដាប្រទេស G20 ធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់ ដើម្បីធានាឱ្យបាននូវការចាក់វ៉ាក់សាំងឱ្យពិភពលោកទាំងមូល។

លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង បានបន្ថែមថា គិតត្រឹមពាក់កណ្ដាលខែតុលានេះ មានជិតពាក់កណ្ដាលនៃប្រជាជនពិភពលោកបានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ហើយភាគច្រើនបានប្រើប្រាស់ ឬចាក់នៅក្នុងបណ្ដាប្រទេសអ្នកមាន។ ជំងឺ COVID-19 នៅតែបន្តបង្កការបំផ្លិចបំផ្លាញនៅទូទាំងតំបន់អាស៊ី, អាហ្វ្រិក, អាមេរិកឡាទីន និងនៅជុំវិញពិភពលោក ហើយនេះក៏ដោយសារតែកង្វះខាតវិធានការ នោះគឺការខ្វះខាតវ៉ាក់សាំងសង្រ្គោះជីវិតមនុស្ស។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីនៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) បានឱ្យដឹងដែរថា ប្រទេសអ្នកមានត្រូវតែប្តេជ្ញាចិត្ត ចំពោះ សកម្មភាពពិតប្រាកដ នៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខនេះ ដើម្បីធានាថាគ្រប់ប្រទេសមិនថាទីតាំងភូមិសាស្ត្រ ឬស្ថានភាពសេដ្ឋកិច្ច យ៉ាងណានោះទេ គឺត្រូវតែ មាន វ៉ាក់សាំងដើម្បីការពារប្រជាពលរដ្ឋ និងបញ្ចប់ការរីករាលដាលនៃជំងឺរាតត្បាតនេះទេ ដោយចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាឧបត្ថម្ភដល់អ្នកជាប់ព័ន្ធ ដើម្បីជំរុញ ផលិតវ៉ាក់សាំង ឱ្យបានទូទាំងពិភពលោក។

តំណាងប្រជាពលរដ្ឋ ក្នុងការចូលរួមយុទ្ធនាការនេះ ក៏បានបញ្ជាក់ វ៉ាក់សាំងគឺពិតជាមានសារៈសំខានណាស់សំរាប់ពួកគាត់ និងប្រជាជនទូទាំងសកលលោក ដើម្បីជួយ ការពាអាយុជីវិត ដូចនេះសូមឱ្យប្រទេសអ្នកមានទាំងអស់ ជួយផ្តល់ជាវ៉ាក់សាំងដោយឥតគិតថ្លៃ ជូនប្រទេសក្រីក្រឱ្យបានច្រើន ដើម្បីបានវ៉ាក់សាំងការពារ និងសូមទុក អាយុជីវិតមនុស្សជាការសំខាន់ជាជាងការស្តុកវ៉ាក់សាំងទុកប្រើប្រាស់តែក្នុងប្រទេសខ្លួនឯងដោយភាពអាត្មានិយម ដែលមិនគិតដល់អ្នកដ៏ទៃ។

សូមជម្រាបថា អង្គការនិធិថែទាំសុខភាពអេដស៍ (AHF) ដែលជាអង្គការអេដស៍ពិភពលោកធំជាងគេ នាពេលបច្ចុប្បន្នផ្តល់ការព្យាបាល និងផ្តល់សេវាកម្មវេជ្ជសាស្រ្ត ដល់អតិថិជន ជាង ១,៦ លាននាក់នៅក្នុងប្រទេសចំនួន ៤៥ នៅទូទាំងពិភពលោកនៅសហរដ្ឋអាមេរិកអាហ្វ្រិកអាមេរិកឡាទីន ការ៉ាអ៊ីបតំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប៕

To Top