ព័ត៌មានជាតិ

កម្ពុជា​ អំពាវនាវក្រុមប្រឹក្សាធុរកិច្ច​ អាមេរិក-អាស៊ាន​ បង្កើនសកម្មភាព ពាណិជ្ជកម្ម និងវិនិយោគ កាន់តែច្រើន

ភ្នំពេញ​ ៖​ សម្តេចក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បានអំពាវនាវដល់ក្រុមប្រឹក្សាធុរកិច្ច​ អាមេរិក-អាស៊ានពិនិត្យ លទ្ធភាពបង្កើនសកម្មភាព ពាណិជ្ជកម្ម និងវិនិយោគកាន់តែច្រើនឡើងថែមទៀត លើវិស័យមានសក្តានុពលនានា នៅកម្ពុជា។

ក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយ​ ប្រតិភូក្រុមប្រឹក្សាធុរកិច្ច​ អាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូសន្និសីទ​ នាថ្ងៃទី២១​ ខែតុលា​ ឆ្នាំ២០២១​ សម្ដេច​ ស​ ខេង​ បានថ្លែងថា​ តាមរយៈការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធនៅលើវិស័យសំខាន់ៗ ដូចជា សន្តិសុខ ពាណិជ្ជកម្ម សុខាភិបាល ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ជាដើម នឹងបន្តបង្កើតបាន និងពង្រីកបន្ថែមទៀតនូវឱកាសក្នុងកិច្ចសហការទ្វេភាគី និងពហុភាគី ដើម្បីរួមចំណែកដល់ការស្ដារឡើងវិញយ៉ាងឆាប់រហ័សនូវស្ថានភាព សេដ្ឋកិច្ចសង្គមសម្រាប់កម្ពុជា និងសហរដ្ឋអាមេរិក ដ៏ដូចជាតំបន់អាស៊ាន និងសកលលោកទាំងមូលផងដែរ។

សម្ដេច​បញ្ជាក់ថា​ «អំពាវនាវ និងជំរុញលើកទឹកចិត្តដល់ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ក្នុងការពិនិត្យលទ្ធភាពបង្កើនសកម្មភាព ពាណិជ្ជកម្ម និងការវិនិយោគកាន់តែច្រើនឡើងថែមទៀត លើវិស័យដែលមានសក្តានុពលនានានៅព្រះរាជាណាចក្រកម្ពុជា»។

សម្ដេច​ បានបន្ដថា​ រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យដែលស្ថិតក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួង មហាផ្ទៃ ដើម្បីចូលរួមគាំទ្រដល់ការសម្រេចបាននូវគោលដៅសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា និងការគាំទ្រដល់ការបំពេញតួនាទីរបស់កម្ពុជា ជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២ ប្រកបដោយប្រសិទ្ធភាពផងដែរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×