ភ្នំពេញ៖ លោក កឹម សុខា បានលើកឡើងថា ការផ្តល់តម្លៃដោយគោរព និង អនុវត្តន៍នូវស្មារតីនៃ កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ អាចទាញយកផលប្រយោជន៍ជាច្រើន ពីកិច្ចព្រមព្រៀងនេះ មិនមែនត្រឹមតែផ្នែកហិរញ្ញវត្ថុនោះទេ និងក៏មិនចាំបាច់ពឹងផ្អែកលើតែ ប្រទេសមួយនោះដែរ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នេះ លោក កឹម សុខា បានចូលរួមអបអរសាទរ ខួបទី៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១ – ២៣ តុលា ២០២១) ។ លោកថា ជាទូទៅមនុស្សជំនាន់ផ្សេងគ្នា មាននិន្នាការផ្សេងគ្នា អាចឲ្យតម្លៃ ឬ មិនឲ្យតម្លៃទៅលើព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រផ្សេងៗគ្នា។
លោកបន្តថា ក៏ប៉ុន្តែកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកម្ពុជា ដែលមានកម្រឹតជាអន្តរជាតិ ដោយមានការចូលរួម ពីអង្គការសហប្រជាជាតិ បណ្តាប្រទេសមហាអំណាច ប្រទេសក្នុងតំបន់ និងជាពិសេសដោយមានការ ចូលរួមយល់ព្រមគាំទ្រពីភាគីខ្មែរ គ្រប់និន្នាការផងដែរ។ ដូច្នេះកិច្ចព្រមព្រៀងនេះ មិនមែនសម្រាប់តែភាគី ខ្មែរណាមួយទេ តែសម្រាប់ប្រជាជាតិខ្មែរទាំងមូល គឺដើម្បីខ្មែរ ដែលយើងជាខ្មែរត្រូវតែឲ្យតម្លៃ។
លោក កឹម សុខា បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំយល់ថា ការផ្តល់តម្លៃដោយគោរព និង អនុវត្តន៍នូវស្មារតីនៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ អាចទាញយកផលប្រយោជន៍ជាច្រើន ពីកិច្ចព្រមព្រៀងនេះ មិនមែនត្រឹមតែផ្នែកហិរញ្ញវត្ថុនោះទេ និងក៏មិនចាំបាច់ពឹងផ្អែកលើតែ ប្រទេសមួយនោះដែរ។ជាពិសេសកិច្ចព្រមព្រៀងនេះ អាចជួយធានាការពារ នូវអធិបតេយ្យភាព ឯករាជ្យបូរណភាពទឹកដី និង ដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញយើងទៀតផង» ។
លោកបន្ថែមថា ដូច្នេះខ្មែរយើងមិនគួរភ្លេចថា តើអ្វីខ្លះដែលយើងទទួល បានផលប្រយោជន៍ ពីស្មារតីនៃកិច្ចព្រមព្រៀងនេះ។ ទោះបីយើងត្រូវតែខិតខំ ដោយខ្លួនឯងក៏ដោយ ក៏យើងគួរតែរួបរួមគ្នា ទាញយកផលប្រយោជន៍ពី ស្មារតីនៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១នេះ ដើម្បីប្រជាជាតិខ្មែរបន្តទៀត ៕