ព័ត៌មានជាតិ

រាជរដ្ឋាភិបាល លុបចោលបម្រាមផ្អាកជើងហោះហើរ ត្រង់ពីម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានលុបចោលបម្រាម ផ្អាកជាបណ្តោះអាសន្ន នូវជើងហោះហើរត្រង់ពីប្រទេសម៉ាឡេស៉ី, ឥណ្ឌូនេស៊ី និងហ្វីលីពីន។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា «យោងតាមចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ សូមប្រកាសលុបចោលសេចក្តីប្រកាសព័ត៌មានលេខ ១៤០ សខល ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ និងលេខ ១៧៥ សខល ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចំណែកការបើកដំណើរការឡើងវិញ នូវសកម្មភាពសេដ្ឋកិច្ច និងសង្គម ជាជំហានៗលើគ្រប់វិស័យតាមគន្លងប្រក្រតីភាពថ្មី រួមទាំងការស្តារឡើងវិញ នូវវិស័យដឹកជញ្ជូនតាមផ្លូវអាកាស និងកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ ដែលនឹងចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខាតទៅ»៕

To Top