ភ្នំពេញ៖ នៅចំពោះមុខមន្រ្តីការទូត នៃប្រទេសមហាអំណាចធំៗ ជាច្រើន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ បានលើកសរសើរចិន ដែលបានចូលរួមគាំទ្រ ដល់កិច្ចប្រឹងប្រែង មិនខ្លាចនឿយហត់ របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទាំងមូលក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិ ក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅនេះ។

ក្នុងពិធីប្រារព្ធខួប លើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា « ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសំដែងការដឹងគុណជាថ្មីម្តងទៀត ចំពោះប្រទេសជាមិត្តទាំងអស់ ដែលបានរួមវិភាគទាន ដ៏ធំធេងដល់របត់ ជាប្រវត្តិសាស្ត្រនេះ កាលពី៣០ឆ្នាំមុន។

ប្រមុខការទូតខ្មែរ បញ្ជាក់ថា «ខ្ញុំក៏សូមសំដែងការដឹងគុណ ដល់បណ្តាប្រទេសជាដៃគូ ដទៃទៀត ដែលទីនេះខ្ញុំសូមលើកអំពី ប្រទេសចិន ដែលបច្ចុប្បន្ន ជាដៃគូពាណិជ្ជកម្ម វិនិយោគ និងម្ចាស់ជំនួយដ៏សំខាន់បំផុត របស់យើង ដែលបានចូលរួមគាំទ្រ ដល់កិច្ចប្រឹងប្រែង មិនខ្លាចនឿយហត់ របស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ទាំងមូល ក្នុងការស្តារនិងអភិវឌ្ឍប្រទេសជាតិ ក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅនេះ»។

លោក ប្រាក់ សុខុន បន្តថា ទោះបីស្ថិតនៅក្នុងគន្លង នៃប្រក្រតីភាពថ្មីក្តី ក៏កម្ពុជានឹងនៅតែជាប្រទេស ដែលបើកចំហ ផ្តល់សេរីភាព និងការគាំពារដល់ជនទាំងអស់ ដែលរស់នៅ និងរីករាយក្នុងសង្គមមួយ ដែលគោរពគន្លងច្បាប់ និងសិទ្ធិស្មើភាពរបស់អ្នកទាំងអស់គ្នា។ កម្ពុជានឹងនៅតែជាប្រទេសដែលផ្តល់ការគាំទ្រ និងវិភាគទានតាមសមត្ថភាព និងការប្តេជ្ញារបស់ខ្លួន ដល់កិច្ចប្រឹងប្រែងនានា ដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពលើសកលលោក ។
លោកបន្តថា ឈរលើគោលការណ៍ «ពង្រីកមិត្តនៅក្រៅប្រទេសដោយឈរលើស្មារតីឯករាជ្យជាតិ» កម្ពុជានឹងបន្តបង្ហាញថា ប្រទេសយើងតូច មែនតែបេះដូងយើងធំ!៕
