ព័ត៌មានជាតិ

លោក សយ សុភាព បានប្រែក្លាយឱកាស តាមបទពិសោធន៍ នៃការចុះយកព័ត៌មាន ​ ក្នុងអំឡុង​ពេល ចរចា ​រវាង​ខ្មែរ​និង​ខ្មែរ​

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល បានអះអាងថា លោក បានប្រែក្លាយ​ ឱកាសរបស់ខ្លួន តាមរយៈបទពិសោធន៍ នៃការចុះយកព័ត៌មាន ​ក្នុងអំឡុង​ពេល ដែលមានការ ចរចាគ្នា ​រវាង​ខ្មែរ​និង​ខ្មែរ​ ដើម្បី​ស្វែង​រក​សន្តិភាព​។

ក្នុងបទសម្ភាសន៍ជាមួយ វិទ្យុបារាំង ជាខេមរៈភាសា ដែលចេញផ្សាយ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ លោក​ សយ សុភាព បានលើកឡើងថា «ស្ថិត​នៅ​ក្នុង​សម័យ​អន្តរកាល ​ដំណាក់​កាល​ចរចា ​រវាង​ខ្មែរ​និង​ខ្មែរ​ ដើម្បី​ស្វែង​រក​សន្តិភាព​ អំឡុង​ពេល​បំពេញការងារ​ ជា​អ្នក​កាសែត​ នៅ​គ្រា​នោះ​មាន​ភាព​លំបាក។ តែ​លោក​ប្រែក្លាយ​ ការ​លំបាក​ជា​ឱកាស។​»

លោក សយ សុភាព ថា លំបាកក្នុង​នាម ​ជា​អ្នក​កាសែត​ព្រោះ​យើងថ្មី ទើប​ចូល​ប្រឡូក​​ក្នុង​អាជីព ជា​អ្នក​សារព័ត៌មាន។ តែ​ក្រោយ​កិច្ច​ព្រមព្រៀង​ ក្រុង​ប៉ារីស​២៣​តុលា និង​ក្រោយ​ការ​បោះឆ្នោត​រៀបចំ ​ដោយ​អ៊ុនតាក់ ឆ្លងកាត់ការ​លំបាក​នោះ ធ្វើ​ឲ្យ​លោកមាន​បទ​ពិសោធន៍​ យល់​ដឹង​ច្រើន រហូត​ធ្វើ​ឲ្យ​លោកមាន​ឱកាស ត្រូវ​បាន​ថ្នាក់​ដឹកនាំ​ប្រទេស សម្ដេច ហ៊ុន សែន ហៅ​ជិះ​ឧទ្ធម្ភាគចក្រ​ ទៅ​ដោះស្រាយ​បញ្ហា​ដីធ្លី​ នៅ​ក្រុង​ព្រះសីហនុ​ទៀត​ផង»។

សម្រាប់​អ្នក​កាសែត​ជើង​ចាស់​រូបនេះ សមិទ្ធផល​ការងារ​ដែល​បន្សល់​ទុក ក្រោយ​ថ្ងៃ​២៣ ​តុលា ​ដល់​ពេលបច្ចុប្បន្ន​ ក្នុង​នាម​ជា​ស្លាបប៉ាកា លោក​បាន​ជួប​ថ្នាក់​ដឹកនាំ​កំពូលៗ​ដូចជាៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​តួអង្គ​សំខាន់​ម្នាក់ ​នៃ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស។ ក្រៅ​ពី​នេះ​លោក​បាន​ជួប​គាល់ ​សម្ដេចក្រុម​ព្រះនរោត្តម រណឬទ្ធិ លោក សម រង្ស៊ី និង​បាន​ជួប​សន្ទនា ​ជាមួយ​អ្នក​ការទូត និង​អនុរដ្ឋ​មន្ត្រី​កាបរទេស​ ប្រទេស​មហា​អំណាច​មួយ​ចំនួន​ ជា​ដើម៕

To Top