ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បានឯកភាពគ្នាពន្លឿនកិច្ចពិភាក្សា ក្នុងការស្វែងរកដំណោះស្រាយ ដែលអាចទទួលយកបាន ទាំងសងខាង ចំពោះព្រំដែនគោកចំនួន១៦% ដែលនៅសល់មិនទាន់បានខណ្ឌសីមា។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃកិច្ចប្រជុំពិគ្រោះយោបល់ នយោបាយ រវាងកម្ពុជា និងវៀតណាម លើកទី៧ បានលើកឡើង ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការព្រំដែន ភាគីទាំងពីរបានស្វាគមន៍ ពិធីផ្លាស់ប្តូរលិខិតូបករណ៍ នៃការផ្តល់សច្ចាប័ន លើឯកសារច្បាប់សំខាន់ចំនួនពីរ ដើម្បីកត់ត្រាការសម្រេចបាន ៨៤% នៃការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងប្រទេសទាំងពីរជាផ្លូវការ។
ប្រភពដដែលបញ្ជាក់ថា«ភាគីទាំងពីរបានឯកភាពធ្វើការពន្លឿនកិច្ចពិភាក្សាក្នុងការស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទាំងសងខាង ចំពោះព្រំដែនគោកចំនួន១៦% ដែលនៅសល់មិនទាន់បានខណ្ឌសីមា»។
សូមជម្រាបថា សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារ ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានគាំទ្រដោយព្រឹទ្ធសភា រដ្ឋសភា និងគណៈរដ្ឋមន្រ្តីផងដែរ។ ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានចុះហត្ថលេខា នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ អំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាម រយៈពេល២ថ្ងៃ៕