ព័ត៌មានជាតិ

យឹម ស៊ីណន ៖ បុគ្គលមួយចំនួន មិនគួរច្នៃប្រឌិតរូបភាព ធ្វើឲ្យប៉ះពាល់តម្លៃក្រដាសប្រាក់៣ម៉ឺនរៀលខ្មែរ (Video)

ភ្នំពេញ ៖ ក្នុងនាមជាអតីតយុវជន នៃអតីតគណបក្សសង្រ្គោះជាតិ លោក យឹម ស៊ីណនបានបង្ហាញការ មិនពេញចិត្ត ចំពោះបុគ្គលមួយចំនួនដែលបានឆ្នៃប្រឌិតរូបភាព របស់ថ្នាក់ដឹកនាំកម្ពុជា លើក្រដាសប្រាក់៣ម៉ឺនរៀលគំរូថ្មី។ លោកថា ការកាត់តនេះ បានធ្វើឲ្យវាប៉ះពាល់ដល់តម្លៃនៃក្រដាសប្រាក់កម្ពុជា ។

តាមបណ្តាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃ២៥ តុលា នេះ លោក យឹម ស៊ីណនបានបង្ហាញសំណេរថា “ខ្ញុំនៅតែយល់ឃើញថា បើទោះបីមានការស្អប់ខ្ពើមជាលក្ខណៈបុគ្គល ទៅលើមេដឹកនាំណាម្នាក់ក៏ដោយ ក៏មិនគួរធ្វើការឆ្នៃប្រឌិតឲ្យវាប៉ះបពាល់ដល់តម្លៃនៃក្រដាសប្រាក់កម្ពុជា ដែលតំណាងឲ្យរូបិយណ្ណ័ជាតិដែរ” ។

លោកបានហៅទង្វើបែបនេះថា ស្មើនឹងការមើលងាយជាតិរបស់ខ្លួនធ្ងន់ធ្ងរណាស់។

លោកបន្តថា គ្រប់ការប្រឆាំងណាដែលមិនបានគិតការពារផល់ប៉ះពាល់ដល់កិត្យានុភាពជាតិនោះ មិនមែនជាការប្រឆាំង ដើម្បីចម្រើននោះទេ វាគឺជាការបំផ្លាញជាតិទៅវិញទេ ។

សូមបញ្ជាក់ថា កាលពីថ្ងៃ១៨ តុលា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឲ្យចេញចរាចរ និងប្រើប្រាស់ទូទាំងប្រទេស នូវក្រដាសប្រាក់ ៣០០០០រៀល របស់ខ្មែរគំរូ ។ ក្រដាសប្រាក់ ៣០០០០រៀលថ្មីនេះ ដើម្បីអបអរសាទរខួប ៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០២១) និងខួប៣០ឆ្នាំ នៃការយាងនិវត្តន៍ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមនតនកោដ្ឋ ។

ប៉ុន្តែការចេញក្រដាសប្រាក់នេះភ្លាម មានក្រុមប្រឆាំង បានសម្តែង ការមិនពេញចិត្ត និងរិះគន់ផងដែរ។ពួកគេបានលើកឡើងថា “សន្ធិសញ្ញាទីក្រុងប៉ារីស ត្រូវសម្តេច ហ៊ុន សែន ព្យាយាមលុបចោលម្ដងជាពីរដង យូរហើយ ។ តែដោយសារចង់ដាក់រូបខ្លួន លើក្រដាសលុយជាតិ ក៏ធ្វើជាមកលើកតម្កើង កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ព្រោះជាលេសមួយ ដើម្បីដាក់រូបខ្លួន ឲ្យទំនងបន្តិច ព្រោះរឿងលុយជាតិមួយៗ មិនអាចចេះតែដាក់រូប ផ្ដេសផ្ដាស់បានទេ ជាពិសេសស ប្រទេសដែលមានស្ដេច” ៕

To Top